ប្រធានផ្នែកជាន់ខ្ពស់មួយរូបទៀតរបស់ OpenAI លាឈប់ពីតំណែង ក្រោយជួយក្រុមហ៊ុនឆ្លងផុតវិបត្តិធំៗ

16-12-2025 16:34

(បរទេស)៖ លោកស្រី Hannah Wong ដែលជាប្រធានផ្នែកទំនាក់ទំនង (Chief Communications Officer) ដ៏សំខាន់របស់ក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតយក្ស OpenAI (ជាក្រុមហ៊ុនបង្កើត ChatGPT) បានប្រកាសពីការចាកចេញរបស់លោកស្រីពីក្រុមហ៊ុន ដែលនឹងចូលជាធរមាននៅក្នុងខែមករា ខាងមុខនេះ។ ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យរបស់ក្រុមហ៊ុនទៅកាន់សារព័ត៌មាន WIRED។

លោកស្រី Wong ដែលបានរួមការងារជាមួយ OpenAI តាំងពីឆ្នាំ ២០២១ បានដើរតួនាទីយ៉ាងលេចធ្លោក្នុងការគ្រប់គ្រងទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន អំឡុងពេលដែល ChatGPT បានក្លាយជាផលិតផលបច្ចេកវិទ្យាដ៏ល្បីល្បាញបំផុតមួយក្នុងពិភពលោក។ លើសពីនេះ លោកស្រីត្រូវបានគេទទួលស្គាល់ថាជាបុគ្គលសំខាន់ដែលបានដឹកនាំក្រុមទំនាក់ទំនងដោយជោគជ័យ ឆ្លងកាត់វិបត្តិនយោបាយផ្ទៃក្នុងដ៏ធំរបស់ក្រុមហ៊ុន គឺព្រឹត្តិការណ៍បណ្តេញចេញ និងការជួលលោក Sam Altman ត្រឡប់មកកាន់តំណែងនាយកប្រតិបត្តិវិញ កាលពីចុងឆ្នាំ ២០២៣។

នាយកប្រតិបត្តិ (CEO) លោក Sam Altman និងលោកស្រី Fidji Simo បានថ្លែងអំណរគុណចំពោះការខិតខំរបស់លោកស្រី Wong នៅក្នុងសេចក្តីថ្លែងការណ៍រួម ដោយលើកឡើងថា៖ «Hannah បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ពីរបៀបដែលមនុស្សបានយល់ដឹងអំពី OpenAI និងការងារដែលយើងបានធ្វើ... យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាអ្នកដឹកនាំ និងភាពជាដៃគូរបស់នាងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ»។ លោកស្រី Wong ផ្ទាល់បានលើកឡើងនៅលើបណ្តាញ LinkedIn ថា លោកស្រីមានមោទនភាពដែលបានរួមចំណែក «ណែនាំ ChatGPT និងផលិតផលដ៏អស្ចារ្យផ្សេងទៀតទៅកាន់ពិភពលោក» ហើយការសម្រេចចិត្តលាឈប់នេះ គឺដើម្បីចំណាយពេលជាមួយក្រុមគ្រួសារ មុននឹងចាប់ផ្តើមអាជីពថ្មី។

ដើម្បីធានាដំណើរការការងារ លោកស្រី Lindsey Held ដែលជាអនុប្រធានផ្នែកទំនាក់ទំនង នឹងចូលមកដឹកនាំក្រុមនេះបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុនរកបានអ្នកជំនួសតំណែងលោកស្រី Wong ដែលការស្វែងរកនេះត្រូវបានដឹកនាំដោយប្រធានផ្នែកទីផ្សារ (CMO) លោកស្រី Kate Rouch៕