Dembele ឈ្នះពានកីឡាករលេងល្អប្រចាំឆ្នាំ២០២៥ របស់ FIFA
17-12-2025 09:26
(បរទេស)៖ ខ្សែប្រយុទ្ធ Ousmane Dembele បានឈ្នះពានឯកត្តជន FIFA Best men’s player of the Year ប្រចាំឆ្នាំ២០២៥ ក្រោមសំឡេងបោះឆ្នោតគាំទ្រនាំមុខគូប្រជែង Lamine Yamal និង Kylian Mbappe រួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករអន្តរជាតិបារាំង វ័យ ២៨ឆ្នាំដែលបានផ្លាស់ចេញពីក្លឹបអេស្ប៉ាញ FC Barcelona ដើម្បីបានមកចូលរួមជាមួយ Paris Saint Germain កាលឆ្នាំ២០២៣ នោះ បានសាងស្នាដៃជាច្រើន តាមរយៈជាកម្លាំងសំខាន់ក្នុងការជួយក្រុមជើងខ្លាំងប្រចាំទីក្រុងប៉ារីស ដណ្តើមបានជើងឯកដល់ទៅ៤ នៃរដូវកាលឆ្នាំ២០២៤-២៥ កន្លងទៅ។
ស្នាដៃទាំងនេះនាំឱ្យ Dembele ត្រូវបានបោះឆ្នោតជាប់ជាម្ចាស់ពានធំ Ballon dÓr 2025 ដែលបានទទួលបានកាលខែកញ្ញា មុនបន្តយកបានពាន FIFA Best នាយប់មិញទៀត ក្នុងពិធីដែលត្រូវបានរៀបចំឡើងនៅទីក្រុងដូហា ប្រទេសកាតា។
បន្ថែមលើនេះ Dembele ក៏បានជាប់ឈ្មោះក្នុងចំណោម ១១នាក់ល្អប្រចាំឆ្នាំ២០២៥ របស់សហព័ន្ធ FIFA ទៀតផង នៅពេលដែលខ្សែបម្រើស្លាប Santiago Montiel របស់ក្លឹប Independiete បានឈ្នះគ្រាប់បាល់ល្អ Puskas Award គ្រាដែលអ្នកចាំទី Donnarumma បច្ចុប្បន្នលេងនៅ Manchester City ឈ្នះពានកីឡាករចាំទីល្អ ហើយលោក Luis Enrique ឈ្នះពានគ្រូបង្វឹកល្អ ដោយបានយកឈ្នះគូប្រជែង Arne Slot និង Hansi Flick៕



