Total Energies ចុះកិច្ចព្រមព្រៀងរយៈពេល ២១ឆ្នាំ ដើម្បីផ្តល់ថាមពលដល់មជ្ឈមណ្ឌលទិន្នន័យ Google នៅម៉ាឡេស៊ី

17-12-2025 09:36

(បរទេស)៖ ក្រុមហ៊ុន TotalEnergies របស់បារាំង បានប្រកាសនៅថ្ងៃអង្គារថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ថាមពលរយៈពេល ២១ឆ្នាំជាមួយក្រុមហ៊ុន Google ដោយសន្យាថា នឹងផ្គត់ផ្គង់ថាមពលកកើតឡើងវិញចំនួន ១ តេរ៉ាវ៉ាត់ម៉ោង ដើម្បីគាំទ្រមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។

ក្រុមហ៊ុនថាមពលដ៏ធំរបស់បារាំងមួយនេះ បានប្រកាសថា ថាមពលនេះនឹងត្រូវបានបង្កើតឡើងដោយរោងចក្រថាមពលពន្លឺព្រះអាទិត្យ Citra Energies ថ្មីនៅក្នុងប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងសាងសង់នៅដើមឆ្នាំ២០២៦។ នៅក្នុងកិច្ចព្រមព្រៀងដាច់ដោយឡែកមួយដែលបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ក្រុមហ៊ុន TotalEnergies ក៏បានយល់ព្រមផ្តល់ថាមពលដល់មជ្ឈមណ្ឌលទិន្នន័យរបស់ Google ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក្នុងរដ្ឋ Ohio ផងដែរ។

គួរជម្រាបថា មជ្ឈមណ្ឌលទិន្នន័យដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ កំពុងត្រូវការថាមពលកាន់តែច្រើនឡើងៗ ខណៈដែលក្រុមបច្ចេកវិទ្យាកំពុងប្រកួតប្រជែងដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ AI ដែលជារឿយៗលើសពីសមត្ថភាពរបស់ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីក្នុងស្រុក៕