វិសាខា នាំយកខ្សែប្រយុទ្ធស៊ែប៊ី Pavle ជំនួសកីឡាករកេនយ៉ា ក្រោយក្រុមធ្វើមិនបានល្អនៅជុំទី១

17-12-2025 10:01

(ភ្នំពេញ)៖ ក្រុមវិសាខា បានប្រកាសនាំយកខ្សែប្រយុទ្ធកណ្ដាល Pavle Ivelja សញ្ជាតិស៊ែប៊ី មកពង្រឹងក្រុមត្រៀមការប្រកួតជុំទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ បន្ទាប់ពីក្រុមធ្វើមិនបានល្អនៅជុំទី១។

ការបង្ហាញសមាជិកថ្មីវ័យ ២៧ឆ្នាំរូបនេះ ធ្វើឡើង ៣ថ្ងៃក្រោយទីផ្សារផ្ទេរកីឡាករលើកទី២ ត្រូវបានបើក និង ១ថ្ងៃបន្ទាប់ពីវិសាខា បានប្រកាសចែកផ្លូវជាមួយខ្សែប្រយុទ្ធសញ្ជាតិកេនយ៉ា Benson Ochieng ដែលមិនសូវបានបង្ហាញខ្លួនក្នុងជុំទី១ ។ ដូច្នេះវត្តមានរបស់ Pavle ត្រូវបានគេរំពឹងនឹងត្រូវជំនួសតំណែង Benson ដើម្បីជួយក្រុមនាការប្រកួតសេសសល់។

ចំពោះកីឡាករកម្ពស់ ១.៩៣ម៉ែត្រ Pavle Ivelja មានបទពិសោធន៍ច្រើនជាមួយក្លិបធំៗនៃលីគក្នុងស្រុក មុនចាកចេញពីប្រទេសស៊ែប៊ី ទៅប្រកបអាជីពក្រៅប្រទេស ហើយមុនផ្ទេរមកកាន់ក្លិបវិសាខា រូបគេក៏បានលេងឲ្យក្លិប Cheonan City នៃក្របខណ្ឌលីគទី២ របស់សាធាណរដ្ឋកូរ៉េផងដែរ។

គួរដឹងថា ក្រោយមិនសូវកាក់កប់ក្នុងជើងទី១ នៃលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ មុនផ្លាស់ប្ដូរកីឡាករមួយចំនួន វិសាខា ក៏បានផ្លាស់ប្ដូរគ្រូបង្វឹកថ្មីផងដែរ ពោលគឺក្លិបទើបប្រកាសតែងតាំងលោក Scott Cooper ជនជាតិអង់គ្លេស ដែលធ្លាប់មានបទពិសោធន៍ដឹកនាំក្លិប និងក្រុមជម្រើសជាតិធំៗក្នុងតំបន់ស៊ាន ជំនួសគ្រូបង្វឹកវ័យក្មេងសញ្ជាតិអង់គ្លេសលោក Gerard Jones ដែលដឹកនាំក្រុមបាន ៧ប្រកួតឈ្នះ ២ ស្មើ ៣ និងចាញ់ ២ប្រកួត៕