ជំនួបជក់ចិត្ត! PSG ប៉ះ Flamengo រាត្រីនេះ ប្រជែងយកពាន FIFA Intercontinental Cup 2025
17-12-2025 10:09
(ដូហា)៖ ក្រុមគីឡូធ្ងន់នៅអឺរ៉ុប Paris Saint Germain នឹងត្រូវពើបប្រទះក្រុមខ្លាំងមកពីតំបន់អាមេរិកឡាទីន Flamengo នាយប់ថ្ងៃពុធនេះ ដើម្បីប្រជែងយកពានអន្តរទ្វីបរបស់ FIFA ប្រចាំឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយ msn។
ជំនួបវគ្គផ្តាច់ព្រ័ត្រនេះដែរ នឹងធ្វើឡើងនៅឯកីឡដ្ឋាន Ahmad bin Ali ដែលស្ថិតក្នុងទីក្រុង Doha ប្រទេសកាតា ជាទីតាំងប្រកួត World Cup 2022 នាម៉ោង ៨យប់ក្នុងតំបន់ ស្មើនឹងម៉ោង ២៤៖០០នាទី (ម៉ោងនៅកម្ពុជា)។
មុនឈានមកដល់ FIFA Intercontinental Cup 2025 នេះដែរ ក្រុមរបស់ប្រេស៊ីល Flamengo បានគ្រងជើងឯកលីគកំពូល Serie A របស់ប្រេស៊ីលផ្ទាល់តែម្តង និងជាពិសេសជាម្ចាស់ជើងឯកពានប្រចាំតំបន់អាមេរិកខាងត្បូង Copa Libertadores ក្នុងឆ្នាំនេះទៀត ក្រោយផ្តួលគូប្រជែង Palmeiras កាលពីដើមខែធ្នូ នៅពេលដែល PSG របស់បារាំង ជាម្ចាស់ជើងឯកអឺរ៉ុប UEFA Champions League 2024-25 ក្រោយបំបាក់ Inter Milan ៥-០។
គួរបញ្ជាក់ផងថា នេះជារដូវកាលទី២ ប៉ុណ្ណោះនៃកម្មវិធី Intercontinental Cup ដែលរៀបចំឡើងដោយសហព័ន្ធ FIFA រួមបញ្ចូលគ្នាក្រុមជើងឯកមកពី ៦តំបន់ ស្របពេលដែល PSG (UEFA), Al Ahli FC (AFC), Cruz Azul (CONCACAF), Flamengo (CONMEBOL), Pyramids FC (CAF) និង Auckland City FC (OFC)៕



