អប់រំគុណតម្លៃអូឡាំពិក ដើរស្របគោលនយោបាយអប់រំ ដើម្បីលើកកម្ពស់សុខភាពសិក្សារបស់សិស្ស
17-12-2025 10:25
(ភ្នំពេញ)៖ លោក អេង ថាវុធ នាយកវិទ្យាល័យកំពងស្ពឺ បានចាត់ទុកកម្មវិធីអប់រំគុណតម្លៃអូឡាំពិក គឺជាផ្នែកមួយក្នុងការបំផុសចលនាកីឡា ដើម្បីលើកកម្ពស់សុខភាព និងការសិក្សារបស់សិស្សានុសិស្ស ស្របតាមគោនយោបាយអប់រំ ដែលត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ពីក្រសួងអប់រំ យុវជន និងកីឡា។
ការគូសបញ្ជាក់នេះ បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចុះរៀបចំកម្មវិធីអប់រំ និងផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិក ឆ្នាំ២០២៥ នៅសាលារបស់ខ្លួន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ដោយមានសិស្សានុសិស្សប្រមាណ ១៥០នាក់ចូលរួមសិក្សាស្វែងយល់ពីប្រវត្តិចលនាអូឡាំពិក និងការលេងកីឡាសប្បាយៗមួយចំនួនផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំសាលាលោក អេង ថាវុធ បានសម្ដែងការស្វាគមន៍ និងសាទរ ចំពោះកម្មវិធីដ៏មានសារៈសំខាន់នេះ ដែលលោករំពឹងនឹងផ្ដល់ឲ្យយុវជនបានយល់ដឹងពីគុណតម្លៃនៃកីឡា ស្របតាមគោលនយោបាយអប់រំ ដែលយកចិត្តទុកដាក់លើផ្នែកសុខភាពសិក្សា និងកីឡា ចៀសវៀងការចំណាយពេលក្នុងសកម្មភាពមិនល្អ ដោយផ្ដោតលើការសិក្សា និងការលេងកីឡាដើម្បីសុខភាព។
លោកបន្ថែមទៀតថា ស្របតាមគោលនយោបាយអប់រំរបស់ក្រសួង សាលាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីអប់រំកាយ និងកីឡាក្រៅម៉ោងសិក្សា ជាមួយសកម្មភាព និងហេដ្ឋារចនាសម្ព័ន្ធកីឡាជាច្រើន ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សលេង ក្រោយទំនេរពីការសិក្សា ដូចជាកីឡាបាល់ទាត់ បាល់ទះ កាយសម្ព័ន្ធ និងកម្មវិធីអប់រំកាយជាដើម ដើម្បីបំផុសយុទ្ធនាការយុវជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទយ៉ាងតិច។
ជាមួយគ្នាលោក សោម សុទ្ធរិទ្ធិពង្ស គ្រូឧទ្ទេសប្រចាំកម្មវិធី បានវាយតម្លៃខ្ពស់ ចំពោះយកចិត្តទុកដាក់ និងការយល់ដឹងរបស់សិស្សានុសិស្ស លើសកម្មភាពកីឡា និងគុណតម្លៃអូឡាំពិក ហើយបន្ទាប់ពីស្ដាប់នូវការចែករំលែកពីប្រវត្តិនៃកីឡាអូឡាំពិកតាំងពីសម័យក្រិកបុរាណដល់បច្ចុប្បន្ន និងគោលការណ៍នានារបស់អូឡាំពិក ជាពិសេសបទឈប់បាញ់អូឡាំពិក ដែលផ្ដោតលើការកសាងពិភពលោកឲ្យស្រស់បំព្រង និងប្រកបដោយសន្តិភាព លោកសង្ឃឹមថា សិស្សានុសិស្សទាំងអស់ នឹងបន្ដចូលរួមសកម្មភាពកីឡាកាន់តែផុសផុលបន្ថែមទៀត៕











