Apple កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតបន្ទះឈីបឥណ្ឌា ដើម្បីផ្គុំនិងវេចខ្ចប់គ្រឿងបន្លាស់ iPhone
17-12-2025 10:52
(បរទេស)៖ កាសែត Economic Times បានរាយការណ៍នៅថ្ងៃពុធនេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple កំពុងស្ថិតក្នុងការពិភាក្សាដំបូងជាមួយក្រុមហ៊ុនផលិតបន្ទះឈីបឥណ្ឌា ដើម្បីផ្គុំនិងវេចខ្ចប់គ្រឿងបន្លាស់សម្រាប់ iPhone។ របាយការណ៍ ET បាននិយាយថា នេះជាលើកដំបូងហើយដែលក្រុមហ៊ុន Apple បានពិចារណាផ្គុំ និងវេចខ្ចប់បន្ទះឈីបមួយចំនួននៅក្នុងប្រទេសឥណ្ឌា ដោយបន្ថែមថា គេមិនច្បាស់ថាបន្ទះឈីបមួយណានឹងត្រូវវេចខ្ចប់នៅរោងចក្រ Sanand ទេ។
តាមរបាយការណ៍ ការចរចានេះ រួមមានក្រុមហ៊ុន CG Semi ដែលជាអង្គភាពមួយនៃក្រុមហ៊ុន Murugappa Group ហើយកំពុងសាងសង់រោងចក្រផ្គុំ និងសាកល្បងឈីប (OSAT) នៅទីក្រុង Sanand រដ្ឋ Gujarat។ ប្រសិនបើមានកិច្ចព្រមព្រៀងជាផ្លូវការ Apple អាចនឹងប្រើប្រាស់រោងចក្រនេះ សម្រាប់ការវេចខ្ចប់ និងផ្គុំបន្ទះឈីបមួយចំនួន ដែលទាក់ទងនឹង iPhone ជាលើកដំបូងនៅឥណ្ឌា។ Reuters រាយការណ៍ថា Apple និង CG Semi មិនអាចធ្វើការបំភ្លើបានភ្លាមៗទេ ខណៈ CG Semi បានបញ្ជាក់ថា ខ្លួនមិនអធិប្បាយអំពីការសន្មតទីផ្សារ ឬការចរចាជាមួយអតិថិជនជាក់លាក់ឡើយ លុះត្រាតែមានព័ត៌មានជាក់លាក់ទើបអាចផ្សព្វផ្សាយបាន។
គួរជម្រាបថា ការចរចានេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ធំរបស់ Apple ក្នុងការបម្លែង និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ កន្លងមក Apple បានពង្រីកការផលិត iPhone នៅឥណ្ឌាតាមរយៈដៃគូដូចជា Foxconn និងក្រុមហ៊ុនឥណ្ឌាផ្សេងៗ ហើយមានគោលដៅបង្កើនសមត្ថភាពផលិតសម្រាប់ទីផ្សារអន្តរជាតិ។
អ្នកវិភាគមើលឃើញថា ប្រសិនបើការចរចានេះទទួលបានជោគជ័យ វានឹងជួយបង្កើតប្រព័ន្ធអេកូឡូស៊ីមីក្រូអេឡិចត្រូនិកនៅឥណ្ឌា និងធ្វើឲ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលសំខាន់មួយក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាពិភពលោក៕










