ក្រុមហ៊ុន «កម្ពុជាតេលា» នៅតែបន្តជួយជ្រោមជ្រែង ដើម្បីចូលរួមសម្រាលបន្ទុកដល់បងប្អូនភៀសសឹក ក្នុងគ្រាលំបាកកំពុងចាកចេញពីតំបន់ជម្លោះ

17-12-2025 14:54

(ភ្នំពេញ)៖ លោក ងួន ឡេង អគ្គនាយករងជាន់ខ្ពស់តំណាងឱ្យ អ្នកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនកម្ពុជាចុះជួប និងប្រគល់អំណោយគ្រឿងឧបភោគ-បរិភោគដូចជាអង្ករ, ស្ករស, ប្រេងឆា, សាច់ក្រក, ឆៃពៅ, ពងទាប្រៃ, ទឹកស៊ីអ៉ីវ, ទឹកត្រី និងទឹកសុទ្ធ រួមទាំងថវិកាមួយចំនួនជូនដល់បងប្អូនភៀសសឹកជាច្រើននាក់ នៅតាមបណ្តាព្រំដែនកំពុងមានជម្លោះ។

សកម្មភាពជួយគ្នាក្នុងគ្រាមានទុក្ខលំបាកទាំងនេះ គឺជាស្មារតីខ្មែរតែមួយ ខ្មែរជួយខ្មែរ និងជាការលើកទឹកចិត្តដ៏ស្មោះស្ម័គ្រចំពោះវីរយុទ្ធជន ដ៏អង់អាចក្លាហានលះបង់ការពារបូរណភាពទឹកដីរបស់កម្ពុជា។

«ក្នុងនាមគ្រួសារនៃក្រុមហ៊ុនកម្ពុជាតេលា ពិតជាមានមោទនភាពយ៉ាងខ្លាំង នូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជា។ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ ជួយថែរក្សាការពារបងប្អូនភៀសសឹក និងកងទ័ពកម្ពុជាទាំងអស់ ឱ្យទទួលបាននូវសុខភាពល្អ ជួបតែសុខសុវត្ថិភាព និងទទួលបាននូវជ័យជំនះលើពួកខ្មាំងឈ្លានពានទឹកដីខ្មែរ!»

ស្មារតីខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ..!៕