Amazon ត្រៀមបោះទុន ១០ ពាន់លានដុល្លារ វិនិយោគលើក្រុមហ៊ុន AI យក្ស OpenAI
17-12-2025 15:56
(បរទេស)៖ ក្រុមហ៊ុន Amazon កំពុងស្ថិតក្នុងការពិភាក្សាវិនិយោគលើក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើតកម្មវិធី ChatGPT ក្នុងកិច្ចព្រមព្រៀងដ៏ធំមួយដែលអាចវាយតម្លៃក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) នេះបានលើសពី ៥០០ ពាន់លានដុល្លារ។ ប្រភពជិតស្និទ្ធនឹងរឿងនេះបានបង្ហើបនៅថ្ងៃអង្គារថា ការពិភាក្សានេះកើតឡើងស្របពេលដែល OpenAI កំពុងត្រៀមខ្លួនសម្រាប់ IPO (ការបោះផ្សាយលក់ភាគហ៊ុនលើកដំបូង) ដែលអាចរុញច្រានតម្លៃក្រុមហ៊ុនរហូតដល់ ១ ទ្រីលានដុល្លារឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នា់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។
បើតាមប្រភពដដែលនោះបាននិយាយដោយលក្ខខណ្ឌអនាមិកថា Amazon អាចនឹងវិនិយោគប្រមាណ ១០ ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន OpenAI ប៉ុន្តែបានបញ្ជាក់ថា ការពិភាក្សារវាងភាគីទាំងពីរគឺ «មានភាពប្រែប្រួលខ្លាំងណាស់»។ ការចាប់ដៃគ្នានេះបង្ហាញពីសមត្ថភាពរបស់ OpenAI ក្នុងការរកដៃគូថ្មីៗ បន្ទាប់ពីការដោះស្រាយកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Microsoft រួចមក ដែលក្រុមហ៊ុននេះកាន់កាប់ភាគហ៊ុន ២៧% និងមានសិទ្ធិផ្តាច់មុខក្នុងការលក់ម៉ូដែល AI ទៅកាន់អតិថិជន Cloud របស់ខ្លួន។
គួរជម្រាបថា កិច្ចព្រមព្រៀងសក្តានុពលនេះក៏ត្រូវបានរាយការណ៍មកថា នឹងអនុញ្ញាតឱ្យ OpenAI ប្រើប្រាស់បន្ទះឈីប Trainium របស់ Amazon ដែលអាចជាគូប្រជែងរបស់ Nvidia និង Google។ លើសពីនេះ OpenAI ក៏កំពុងស្វែងរកការលក់ ChatGPT កំណែសហគ្រាសទៅឱ្យ Amazon ផងដែរ។ ហិរញ្ញប្បទានពី Amazon នេះអាចត្រួសត្រាយផ្លូវសម្រាប់ការបង្កើនទុនកាន់តែធំ ដែលអាចពាក់ព័ន្ធនឹងវិនិយោគិនដទៃទៀតផងដែរ៕










