ចិនផលិតបាន «គំរូដើម» នៃម៉ាស៊ីនផលិតបន្ទះឈីបកម្រិតខ្ពស់ ដើម្បីបំបែកការហ៊ុមព័ទ្ធបច្ចេកវិទ្យាពីលោកខាងលិច
18-12-2025 09:34
(បរទេស)៖ នៅក្នុងមន្ទីរពិសោធន៍សន្តិសុខខ្ពស់មួយ ក្រុមអ្នកវិទ្យាសាស្ត្រចិន បានសម្រេចនូវសមិទ្ធផលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានព្យាយាមរារាំងអស់រយៈពេលជាច្រើនឆ្នាំ។ នោះគឺការបង្កើត «គំរូដើម» នៃម៉ាស៊ីនដែលអាចផលិតបន្ទះឈីបកម្រិតខ្ពស់បំផុត (Semiconductor Chips) សម្រាប់ប្រើប្រាស់ក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), ទូរស័ព្ទទំនើប និងគ្រឿងយុទ្ធោបករណ៍យោធា។
តាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Reuters គំរូដើមនៃម៉ាស៊ីននេះត្រូវបានបញ្ចប់ការសាងសង់នៅដើមឆ្នាំ ២០២៥ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង។ វាមានទំហំប៉ុនផ្ទៃក្រឡារោងចក្រមួយទាំងមូល ដោយត្រូវបានបង្កើតឡើងដោយក្រុមអតីតវិស្វករមកពីក្រុមហ៊ុនយក្សហូឡង់ ASML ដែលបានប្រើប្រាស់វិធីសាស្ត្រ «ចម្លងបច្ចេកវិទ្យាបញ្ច្រាស ឬ Reverse-engineering» ពីម៉ាស៊ីន EUV (Extreme Ultraviolet Lithography) របស់ក្រុមហ៊ុនដើម។
តើអ្វីទៅជាម៉ាស៊ីន EUV? ម៉ាស៊ីន EUV គឺជាបេះដូងនៃសង្គ្រាមត្រជាក់បច្ចេកវិទ្យា។ វាប្រើប្រាស់កាំរស្មីអុលត្រាវីយូឡេកម្រិតខ្លាំង ដើម្បីឆ្លាក់សៀគ្វីដែលមានទំហំតូចជាងសក់មនុស្សរាប់ពាន់ដងទៅលើបន្ទះស៊ីលីកូន។ បច្ចុប្បន្នបច្ចេកវិទ្យានេះត្រូវបានកាន់កាប់ផ្ដាច់មុខដោយលោកខាងលិច។ កាលណាគេអាចឆ្លាក់សៀគ្វីកាន់តែតូច បន្ទះឈីបនឹងកាន់តែមានថាមពលខ្លាំង។
ម៉ាស៊ីនរបស់ចិនអាចដំណើរការ និងបង្កើតពន្លឺ EUV បានដោយជោគជ័យ ប៉ុន្តែវានៅមិនទាន់អាចផលិតចេញជាបន្ទះឈីបដែលប្រើការបាននៅឡើយទេ។
កាលពីខែមេសាកន្លងទៅ នាយកប្រតិបត្តិក្រុមហ៊ុន ASML លោក Christophe Fouquet បានលើកឡើងថា ចិនត្រូវការពេល «ច្រើនឆ្នាំទៀត» ទើបអាចអភិវឌ្ឍបច្ចេកវិទ្យានេះបាន។ ទោះជាយ៉ាងណាក៏ដោយ វត្តមាននៃគំរូដើមនេះបង្ហាញថា ចិនអាចនឹងខិតជិតទៅរកឯករាជ្យភាពផ្នែកបន្ទះឈីបលឿនជាងការរំពឹងទុករបស់អ្នកវិភាគ។
ទោះបីជាមានវឌ្ឍនភាពក៏ដោយ ចិននៅតែប្រឈមមុខនឹងបញ្ហាបច្ចេកទេសធំៗ ជាពិសេសការផលិតប្រព័ន្ធអុបទិក (Optical Systems) ដែលមានភាពជាក់លាក់ខ្ពស់ដូចអ្វីដែលលោកខាងលិចផលិតបាន។
ដើម្បីសម្រេចបាននូវសមិទ្ធផលនេះ ចិនបានប្រមូលទិញគ្រឿងបន្លាស់ពីម៉ាស៊ីន ASML ចាស់ៗដែលលក់នៅលើទីផ្សារជជុះ។ រដ្ឋាភិបាលចិនបានកំណត់គោលដៅផលិតបន្ទះឈីបឱ្យបានជោគជ័យចេញពីម៉ាស៊ីននេះនៅត្រឹមឆ្នាំ ២០២៨ ប៉ុន្តែអ្នកជំនាញជិតស្និទ្ធនឹងគម្រោងយល់ថា ឆ្នាំ ២០៣០ គឺជាគោលដៅដែលអាចទៅរួចពិតប្រាកដ។
អ្វីទៅជា «គម្រោង Manhattan» របស់ចិន? របកគំហើញនេះគឺជាលទ្ធផលនៃគំនិតផ្ដួចផ្ដើមរយៈពេល ៦ ឆ្នាំរបស់រដ្ឋាភិបាល ដើម្បីឈានទៅរកការផ្គត់ផ្គង់បន្ទះឈីបដោយខ្លួនឯង ដែលជាអាទិភាពខ្ពស់បំផុតរបស់ប្រធានាធិបតី ស៊ី ជិនពីង។
គម្រោងនៅក្រុងសិនជិននេះត្រូវបានរក្សាជាការសម្ងាត់បំផុត ដែលត្រូវបានគេប្រៀបប្រដូចទៅនឹង «គម្រោង Manhattan» (គម្រោងផលិតគ្រាប់បែកបរមាណូដំបូងរបស់អាមេរិក)។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលបណ្តាញក្រុមហ៊ុន និងវិទ្យាស្ថានស្រាវជ្រាវរដ្ឋនានា ដោយមានការចូលរួមពីវិស្វកររាប់ពាន់នាក់។
គោលដៅចុងក្រោយរបស់ចិន គឺចង់ឱ្យសហរដ្ឋអាមេរិកចាកចេញពីខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ១០០% និងអាចផលិតបន្ទះឈីបកម្រិតខ្ពស់បានដោយប្រើប្រាស់ម៉ាស៊ីនដែលផលិតនៅក្នុងស្រុកទាំងស្រុង៕








