Safonov សង្រ្គោះបាល់ប៉េណាល់ទី ៤គ្រាប់ពី Flamengo ជួយ PSG ឈ្នះជើងឯក Intercontinental Cup 2025

18-12-2025 09:46

(ដូហា)៖ Paris Saint-Germain បានផ្តួលក្រុមរបស់ប្រេស៊ីល Flamengo ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ២-១ ដើម្បីគ្រងជើងឯកពានអន្តរទ្វីប Intercontinental Cup 2025 ជាលើកដំបូងផងដែរ នៅពេលកីឡាករចាំទី Matvey Safonov បានសង្រ្គោះបាល់ប៉េណាល់ទីដល់ទៅ ៤លើកដ៏អស្ចារ្យ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Ahmad bin Ali នៅឯប្រទេសកាតា ដោយមានអ្នកទស្សនាផ្ទាល់ប្រមាណជាង ៤ម៉ឺននាក់ ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ក្នុងរយៈពេល ១២០នាទី នៅពេលកីឡាករ Khvicha Kvaratskhelia ជាអ្នករកបានគ្រាប់នាំមុខសម្រាប់ក្រុមជើងខ្លាំងរបស់បារាំង នៅចុងម៉ោងនៃវគ្គទី១។

ទោះជាបែបនេះក្តី កីឡាករអន្តរជាតិអ៉ីតាលី Jorginho ជាអ្នករកបានគ្រាប់តាមស្មើ ១-១ មកវិញឱ្យក្រុមជើងឯក Copa Libertadores នៃតំបន់អាមេរិកឡាទីន និងបន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដងទៀតផង។

ក្នុងជំនួបធំនោះដែរ អ្នកចាត់ការទូទៅ PSG លោក Luis Enrique ពុំបានដាក់ខ្សែប្រយុទ្ធឆ្នើម Ousmane Dembele ដែលទើបឈ្នះពាន FIFA Best ប្រចាំឆ្នាំ២០២៥ និងបានអូសបន្លាយដល់នាទី៣៨ ទើបខ្សែប្រយុទ្ធអន្តរជាតិហ្ស៊កហ្ស៊ី Kvaratskhelia ធ្វើបានគ្រាប់បែកពងមាន់ ពីការបញ្ជុនរបស់លោក Desire Doue មុនពេលត្រូវបានអតីតខ្សែបម្រើ Napoli និង Arsenal គឺ Jorginho រកបានគ្រាប់តាមស្មើមកវិញនៅនាទី៦២ ដោយបាល់ប៉េណាល់ទី ក៏ព្រោះ Marquinhos។

ជាការកត់សម្គាល់ក្នុងការទាត់ប៉េណាល់ទីកាត់សេចក្តីរកក្រុមឈ្នះចាញ់ កីឡាករចាំទីរុស្ស៊ី Safonov បានសង្រ្គោះ បាល់ដល់ទៅ ៤លើកជាប់ៗគ្នា នៅពេល Vitinha និង Nuno Mendes ជាអ្នកទាត់បានសម្រេចសម្រាប់ PSG។

រាប់ទាំងពាន Intercontinental Cup នេះទៀត PSG បានឈ្នះពានសរុបដល់ទៅ ៦ពានត្រឹមឆ្នាំ២០២៥ នេះ ដើរតាមគន្លងចាស់របស់ខ្លាំងនៅអឺរ៉ុបដូចគ្នា Real Madrid ដែលធ្លាប់ធ្វើបានកាលឆ្នាំ២០២៤៕