ក្រុមហ៊ុន អ៉ី អេហ្វជី កម្ពុជា យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ពីសង្គ្រាម ដោយចូលរួមឧបត្ថម្ភតាមរយៈកាកបាទក្រហមកម្ពុជា
18-12-2025 10:08
(ភ្នំពេញ)៖ ក្រុមហ៊ុន អ៉ី អេហ្វជី កម្ពុជា ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានបន្តការគាំទ្រសហគមន៍ តាមរយៈសកម្មភាពមនុស្សធម៌ ដោយបានធ្វើការឧបត្ថម្ភជំនួយទៅកាន់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់សហគមន៍ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែរងផលប៉ះពាល់ និងរងគ្រោះដោយសារភាពតានតឹងនៅតាមបណ្ដោយព្រំដែន។ ការបរិច្ចាគនេះរួមមានអង្ករ ៥តោន និងថវិកាចំនួន ២០,០០០,០០០រៀល ដែលត្រូវបានប្រគល់ជូននៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។
ការចូលរួមឧបត្ថម្ភលើកនេះ ក៏ដូចជាការចូលរួម បរិច្ចាកកន្លងមក របស់ក្រុមហ៊ុន អ៉ី អេហ្វជី កម្ពុជា ទៅកាន់ប្រជាពលរដ្ឋភៀសសឹកដោយផ្ទាល់ និងតាមរយៈកាកបាទក្រហមកម្ពុជា ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយរបស់ក្រុមហ៊ុនចំពោះប្រទេសកម្ពុជា ដែលក្រុមហ៊ុនបានរីកចម្រើនរួមគ្នាមានរយៈពេលជាង ២០ឆ្នាំនេះ។
រយៈពេលកន្លងមកនេះ ក្រុមហ៊ុន អ៉ី អេហ្វជី កម្ពុជា បាននាំយកនូវម៉ាកអាហារ និងភេសជ្ជៈអន្តរជាតិពីជុំវិញពិភពលោក មកកាន់ប្រទេសកម្ពុជា ព្រមទាំងពង្រីកប្រតិបត្តិការរបស់ខ្លួន ដោយរួមមានបុគ្គលិកចំនួនប្រមាណជាង ១,២៥០នាក់ ដែលមានសាខាជាង ១០០កន្លែង ដែលស្ថិតនៅជាង ១០ខេត្ត រាជធានី ដែលជាការរួមចំណែកមួយផ្នែកដល់ការអភិវឌ្ឍវិស័យម្ហូបអាហារ និងភេសជ្ជៈ នៅក្នុងប្រទេសកម្ពុជា។ ការបរិច្ចាគនៅថ្ងៃនេះបានបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តបន្តរបស់ក្រុមហ៊ុន ក្នុងការគាំទ្រប្រទេសកម្ពុជា និងសហគមន៍របស់ខ្លួន ជាពិសេសសហគមន៍ដែលរងផលប៉ះពាល់ខ្លាំងបំផុត នៅពេលមានការលំបាកដោយសារសង្រ្គាមនេះ។
លោក ទេព វិរៈ ដែលជាអគ្គនាយក ក្រុមហ៊ុន អ៉ី អេហ្វជី កម្ពុជា បានមានប្រសាសន៍ថា ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន អ៉ី អេហ្វជី កម្ពុជា បានក្លាយជាចំណែកមួយនៃសហគមន៍ខ្មែរយើង ហើយការជួយគ្នាក្នុងគ្រាដែលមានតម្រូវការចាំបាច់ដូចនេះ បានក្លាយចំណែកដ៏សំខាន់មួយនៃការទទួលខុសត្រូវបស់ក្រុមហ៊ុន អ៉ី អេហ្វជី កម្ពុជា ផងដែរ។ យើងសង្ឃឹមថា ការបរិច្ចាគនេះ នឹងបានជួយសម្រាលការលំបាកមួយចំណែកដល់ប្រជាពលរដ្ឋដែលកំពុងភៀសសឹក ហើយក្រុមហ៊ុនប្ដេជ្ញាថានឹងនៅតែបន្តឧបត្ថម្ភ និងគាំពារតាមលទ្ធភាព នាពេលអនាគតបន្តទៅទៀត៕







