ពិតជាអស្ចារ្យ FIFA ដំឡើងប្រាក់រង្វាន់ 50% សម្រាប់ព្រឹត្តិការណ៍ World Cup 2026 ជំនាន់ទី២៣

18-12-2025 10:15

(ស្វីស)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក Federation International de Football Association (FIFA) យល់ព្រមដំឡើងប្រាក់រង្វាន់ 50% សម្រាប់ព្រឹត្តិការណ៍ World Cup 2026 ជំនាន់ទី២៣ ដែលមានសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា រៀបចំរួមគ្នាលើកដំបូងនេះ ។ នេះបើតាមការប្រកាសកាលពីថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ ។

ប្រាក់រង្វាន់សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំក្រោយនេះ នឹងមានតួលេខខ្ពស់ជាង 50% បើធៀបនឹងព្រឹត្តិការណ៍មុនៗ ដោយស្ថាប័នគ្រប់គ្រងពិភពលោក FIFA បានយល់ព្រមលើការចូលរួមវិភាគទានផ្នែកហិរញ្ញវត្ថុចំនួន ៧២៧លានដុល្លារ ។

ចំណែកដ៏ធំបំផុតនៃកញ្ចប់ថវិការបស់ FIFA សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2026 នៅអាមេខាងជើងចំនួន ៦៥៥លានដុល្លារ នឹងក្លាយជាការទូទាត់ដោយផ្អែកលើការចូលរួមប្រកួតសម្រាប់ ៤៨ក្រុមដែលចូលរួម ដោយក្រុមជើងឯកនឹងទទួលបាន ៥០លានដុល្លារ និងក្រុមជើងឯករងទទួលបាន ៣៣ លានដុល្លារ ។

ប្រធាន FIFA លោក Gianni Infantino បានមានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2026 ក៏នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយទាក់ទងនឹងការចូលរួមចំណែកនៃផ្នែកហិរញ្ញវត្ថុផ្ទាល់ចំពោះសហគមន៍បាល់ទាត់ពិភពលោក» ។

ជាមួយនឹងការដំឡើង ៥០ភាគរយនេះ ចំណោមប្រទេសចំនួន១៦ ដែលបរាជ័យពីដំណាក់កាលដំបូងនៃវគ្គចែកពូលនឹងទទួលបាន ៩លានដុល្លារ ខណៈពេលដែលលើសពីនេះ ប្រទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានសិទ្ធិវគ្គបន្តទទួលបាន ១.៥លានដុល្លារ ។

លោក Infantino បានមានប្រសាសន៍ថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ FIFA បានព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងជារួម ដើម្បីជំរុញបាល់ទាត់កម្រិតយុវជនដែលនេះ គឺជាជំហានបន្ទាប់» ក្រុមប្រឹក្សា FIFA ក៏បានបញ្ជាក់ផងដែរថា Women's Club World Cup 2028 នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០៥ ខែមករា ដល់ថ្ងៃទី៣០ ខែមករា ដ្បិតមិនទាន់សម្រេចបាននៅប្រទេសម្ចាស់ផ្ទះរៀបចំនោះទេ ៕