Suarez បន្តរួមរស់ជាមួយក្រុមជើងឯកសហរដ្ឋអាមេរិក Miami ១ឆ្នាំទៀត
18-12-2025 10:19
(បរទេស)៖ ខ្សែប្រយុទ្ធចាស់វស្សា Luis Suarez បានបន្តកិច្ចសន្យាថ្មីលេងឱ្យក្រុមជើងឯកលីគ Inter Miami CF រយៈពេល ១ឆ្នាំទៀត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
អតីតខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយ ដែលនឹងឈានចូលវ័យ ៣៩ឆ្នាំនាខែក្រោយនេះ ស៊ុតបាន ១៧គ្រាប់ និងបញ្ជូនបាន ១៧គ្រាប់ដូចគ្នា ពីការចូលលេងសរុប ៥០លើកគ្រប់កម្មវិធីទាំងអស់ក្នុងឆ្នាំ២០២៥ ដោយបានរួមចំណែកជួយ Miami ដណ្តើមបានជើងឯក Major League Soccer ជាលើកដំបូងទៀតផង ក្រោយផ្តួលគូប្រជែង Vancouver Whitecaps កាលពីដើមខែធ្នូ។
កិច្ចសន្យាថ្មីរបស់ Suarez នឹងមានសុពលភាពត្រឹមឆ្នាំ២០២៦ ដោយបន្តលេងនៅក្លឹបរបស់លោក David Beckham មួយនេះតាំងពីឆ្នាំ២០២៤ ជាមួយដៃគូនៅក្លឹបចាស់ FC Barcelona ដដែលរួមមាន Jordi Alba, Sergio Busquets និង Lionel Messi ជាដើម។
ទោះជាបែបនេះក្តី អតីតកីឡាករអន្តរជាតិអេស្ប៉ាញ Busquets និង Alba បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់រួចរាល់ហើយនៅពេលបញ្ចប់យុទ្ធនាការ MLS Cup គ្រាដែល Suarez បានបន្តប្តេជ្ញាចិត្តពីអនាគតរបស់ជាមួយ Messi បន្ទាប់ពីប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ទើបតែបានបន្តកិច្ចសន្យាថ្មីជាមួយ Miami ដល់ឆ្នាំ២០២៨ នាអំឡុងខែតុលា ឆ្នាំ២០២៥។
ក្នុងសប្តាហ៍នេះដែរ Miami ទើបតែបាននាំយកអតីតខ្សែការពារស្លាបឆ្វេងរបស់ Tottenham Hotspur និង Real Madrid គឺ Sergio Reguilon មករួមក្រុមដោយមិនអស់តម្លៃផ្ទេរនោះទេ៕



