បុគ្គលិកធនាគារ «វីង» បរិច្ចាគថវិកា ៥% នៃប្រាក់បៀវត្ស ដើម្បីទ្រទ្រង់ដល់ជនភៀសសឹក កំពុងត្រូវការជំនួយបន្ទាន់

18-12-2025 10:19

(ភ្នំពេញ)៖ បុគ្គលិកធនាគារ «វីង» បរិច្ចាគថវិកា ៥% នៃប្រាក់បៀវត្សដើម្បីទ្រទ្រង់ដល់ជនភៀសសឹកកំពុងត្រូវការជំនួយបន្ទាន់ ពោលគឺ​ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ស្មារតីសាមគ្គីភាព និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅបានកើតឡើងពីគ្រប់មជ្ឈដ្ឋាននៃប្រជាជនខ្មែរ។ ឈរលើស្មារតីរួបរួមនេះហើយបុគ្គលិកនៃធនាគារ វីង បានចូលរួមបរិច្ចាគថវិកាសរុបចំនួន ២០០.០០០ ដុល្លារអាមេរិក ដែលជាធនធានថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់ក្រុមគ្រួសារកំពុងរងគ្រោះដែលត្រូវបង្ខំចិត្តភៀសខ្លួនចេញពីលំនៅឋាន ដោយសារការវាយប្រហារជាបន្តបន្ទាប់ពីកងទ័ពថៃមកលើទឹកដីកម្ពុជា។

បុគ្គលិកធនាគារ វីង ប្រមាណ ៥.០០០ នាក់ បានស្ម័គ្រចិត្តបរិច្ចាគ ៥% នៃប្រាក់បៀវត្សប្រចាំខែធ្នូ ឆ្នាំ២០២៥ របស់ខ្លួន ដើម្បីចូលរួមចំណែកក្នុង «មូលនិធិទ្រទ្រង់ជនភៀសសឹក» ដែលជាគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ។

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្ស និងវប្បធម៌ការងារនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង បានលើកឡើងថា «នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ការរួមសាមគ្គីគ្នាគឺជាកម្លាំងដ៏សំខាន់បំផុត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់បុគ្គលិកទាំងអស់ដែលបានចូលរួមបរិច្ចាគជួយដល់ជនភៀសសឹកដែលកំពុងត្រូវការជំនួយក្នុងគ្រាដ៏លំបាកនេះ។ យើងនឹងបន្តខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជួយជាតិមាតុភូមិរបស់យើង»។ ការរួមចំណែកនេះ មានគោលបំណងនាំយកជំនួយទៅដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលកំពុងរងផលប៉ះពាល់ នៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កោះកុង និងខេត្តសៀមរាបជាដើម។

នេះជាលើកទី៣ហើយ ដែលបុគ្គលិកធនាគារ វីង បានរួមគ្នាបរិច្ចាគធនធានផ្ទាល់ខ្លួន ចាប់តាំងពីជម្លោះព្រំដែនបានផ្ទុះឡើងនៅពាក់កណ្តាលឆ្នាំ២០២៥ មក។ ការបរិច្ចាគលើកទី១ បានធ្វើឡើងនៅខែមិថុនា និងបន្តបន្ទាប់មកទៀតក្នុងខែសីហា ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តឥតឈប់ឈរក្នុងការជួយទ្រទ្រង់ដល់ក្រុមគ្រួសារភៀសសឹកដែលត្រូវការជំនួយ។

ក្រៅពីការបរិច្ចាគថវិកានាពេលថ្មីៗនេះ ធនាគារ វីង និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏បាននាំយកជំនួយសប្បុរសធម៌មួយចំនួនទៅចែកជូនដល់គ្រួសាររងគ្រោះជាង ២.០០០គ្រួសារដោយផ្ទាល់ កាលពីខែសីហា ឆ្នាំ២០២៥ កន្លងទៅ នៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងសៀមរាបផងដែរ។
សម្រាប់សប្បុរសជនដែលចង់ចូលរួមចំណែកបរិច្ចាគថវិកា ឬសម្ភារផ្សេងៗ សូមអញ្ជើញទៅបរិច្ចាគនៅទីតាំងទទួលជំនួយក្បែរផ្សារបាយ័ន ដែលឋិតនៅខាងលិចផ្សារធំថ្មី ឬការិយាល័យកណ្តាលក្រុមហ៊ុនសែលកាត ហើយក៏អាចបរិច្ចាគពីគណនីធនាគារណាមួយក៏បានតាមរយៈការស្កេន ឃ្យូអរកូដ ដូចដែលបានភ្ជាប់ជូនខាងក្រោម៕