អ្នកគាំទ្របាល់ទាត់សកល ស្នើឱ្យអាជ្ញាកណ្តាលចូលនិវត្តន៍ ក្រោយបង្កកំហុសនៅផ្តាច់ព្រ័ត្រ SEA Games 2025
18-12-2025 11:59
(បរទេស)៖ ក្រុមអ្នកគាំទ្របាល់ទាត់អន្តរជាតិជាច្រើន បានផ្ទុះប្រតិកម្ម ជាមួយនឹងការអស់ជំនឿចំពោះអាជ្ញាកណ្តាលដែលបានបដិសេធមិនផ្តល់បាល់ចូលទីឱ្យទៅខាងក្រុមស្ត្រីវៀតណាម ពេលលេងទល់នឹងហ្វីលីពីន នៃវគ្គផ្តាច់ព្រ័ត្រ SEA Games 2025 លើកទី៣៣ ដែលមានថៃធ្វើម្ចាស់ផ្ទះ។
ពីគេហទំព័រ e.vnexpress.net របស់វៀតណាមបានចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូនេះថា ជំនួយការអាជ្ញាកណ្តាល សញ្ជាតិឡាវ Phutsavan Chanthavong និងអាជ្ញាកណ្តាលក្នុងទីលានសញ្ជាតិអូស្រ្តាលី Rebecca Anne Durcau បានក្លាយជាប្រធានបទក្តៅនៅឯវេទិការសកល ជាពិសេសនៅលើបណ្តាញសង្គម បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងក្លារួចមក។
តួយ៉ាងនៅនាទី២៩ នៃវគ្គផ្តាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិស្រ្តីវៀតណាម និងហ្វីលីពីននៅឯ SEA Games 2025 កាលពីរាត្រីថ្ងៃពុធ នៅពេលកីឡាការិនី Ngan Thi Van Su បានបញ្ជូនបាល់ឱ្យ Nguyen Bich Thuy តែតបញ្ចូលទីបានសម្រេច។
ទោះជាបែបនេះក្តីជាមួយនឹងការពិនិត្យសារឡើងវិញយឺតៗបានបញ្ជាក់ថា Bich Thuy ស្ថិតក្នុងតំបន់ onside ដែលមានគម្លាតប្រហែល ២ម៉ែត្រឯណោះពីខ្សែការពារហ្វីលីពីននៃតំបន់ offside ក៏ប៉ុន្តែគ្រាប់បាល់នោះ ត្រូវបានបដិសេធ ដែលនាំឱ្យមានការរិះគន់យ៉ាងដំណំ។
ពី Reddit ម្នាក់សរសេរថា «វាគឺជាការសម្រេចចិត្តដ៏អាក្រក់បំផុតដែលខ្ញុំមិនធ្លាប់ជួបកន្លងមក។ វាមានអ្នកការពារដល់ទៅ ៤នាក់ រួមទាំងអ្នកចាំទី ដែលឈរនៅពីក្រោយនាង»។
មតិរិះគន់មួយទៀតបានលើកឡើងផងដែរថា «វាមានគម្លាតពីគ្នាជិត ២ម៉ែត្ររវាងខ្សែការពារផ្សេងទៀតគឺ Hali Long និងអ្នកតែតបញ្ចូលទី Bich Thuy»។
គួរបញ្ជាក់ផងថា ការសម្រេចបដិសេធបាល់ចូលទីនេះដែរ មុនពេលលេង ១២០នាទីស្មើគ្នា ០-០ ដោយក្រុមនារីហ្វីលីពីនដណ្តើមបានមេដាយមាសជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តនៅ SEA Games ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៦-៥ បញ្ចប់កំណត់ត្រាក្រុមរបស់លោក Mai Duc Chung ដែលឈ្នះមេដាយមាស ៥សម័យកាលជាប់ៗគ្នា៕





