មន្ដ្រីកីឡាកំពង់ឆ្នាំង សង្ឃឹមសិស្សកាន់តែចូលចិត្ត និងលេងកីឡា ក្រោយយល់ដឹងពីគុណតម្លៃអូឡាំពិក

18-12-2025 12:45

(ភ្នំពេញ)៖ លោក នង សារុន ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និង កីឡា ខេត្តកំពង់ឆ្នាំង សង្ឃឹមសិស្សានុសិស្សនៅខេត្តរបស់ខ្លួន នឹងចូលចិត្ត ហើយលេងកីឡាកាន់តែច្រើន បន្ទាប់ពីបានយល់ដឹងពីកាន់តែច្បាស់នូវគុណតម្លៃអូឡាំពិក ដែលមានប្រវត្តិតាំងពីជិត ៣០០០ឆ្នាំមុនមកម្ល៉េះ។

ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីខេត្តកំពង់ឆ្នាំង ត្រូវបានជ្រើសរើសជាខេត្តមួយ ក្នុងចំណោម ៤ខេត្ត ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានរៀបចំវគ្គអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៥ ដល់សិស្សានុសិស្ស នៅវិទ្យាល័យព្រះបាទសុរាម្រឹត កាលពីល្ងាចទី១៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។

លោកបានបង្ហាញក្ដីសោមនស្សរីករាយ ចំពោះកម្មវិធីដ៏មានសារៈសំខាន់នេះ ដោយសង្ឃឹមថា វគ្គនេះនឹងជួយបំផុសគំនិត និងចំណេះដឹងកីឡា ក៏ដូចជាចលនាអូឡាំពិកដល់សិស្សានុសិស្ស ហើយអ្វីជាការរំពឹងទុក ការអប់រំអូឡាំពិកនេះមិនត្រឹមតែបានបញ្ជ្រាបចូលក្នុងបេះដូងរបស់ពួកគេដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងជួយចែករំលែកបន្ត ក្នុងការផ្សព្វផ្សាយដល់មិត្តភក្ដិរបស់ខ្លួនជាច្រើនជាបន្តបន្ទាប់ផងដែរ។

លោក នង សារុន បន្ដថា នេះជាលើកដំបូងហើយ ដែលខេត្តកំពង់ឆ្នាំង ទទួលបានកម្មវិធីអប់រំ និងផ្សព្វផ្សាយពីកីឡា ក៏ដូចជាគុណតម្លៃអូឡាំពិក ដល់សិស្សានុសិស្ស ដ្បិតកន្លងមកច្រើនមានតែវគ្គបណ្ដុះបណ្ដាលគ្រូ និងមន្ដ្រីបច្ចេកទេសកីឡាប៉ុណ្ណោះ។ ក្នុងន័យនេះ លោកជឿជាក់យ៉ាងមុតមាំថា កម្មវិធីនេះ នឹងផ្ដល់នូវចំណេះដឹងពីចលនាអូឡាំពិក ក៏ដូចជាគុណតម្លៃនៃកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ហើយបណ្ដុះស្មារតីស្រលាញ់ និងចូលរួមលេងកីឡាកាន់តែច្រើនបន្ថែមទៀត។

ជាមួយគ្នាលោក សោម សុទ្ធរិទ្ធិពង្ស វាគ្មិនប្រចាំកម្មវិធី បានលើកឡើងថា ក្រោយឆ្លងកាត់ការរៀបចំជាច្រើនសាលាកន្លងមក លោកសង្កេតឃើញសិស្សានុសិស្សទាំងអស់ បានយល់ដឹងពីតម្លៃស្នូលនៃចលនាអូឡាំពិក និងអាចអនុវត្តក្នុងការសិក្សាប្រចាំថ្ងៃរបស់ពួកគេ ដោយគុណតម្លៃស្នូលនេះមានដូចជា ឧត្តមភាព មិត្តភាព និងការគោរពៗគ្នាទៅវិញទៅមក ដែលសិស្សានុសិស្សអាចអនុវត្តក្នុងសាលា និងជីវិតប្រចាំថ្ងៃបាន។ នេះជាសាលាទី៧ ហើយ ដែល NOCC បានរៀបចំ មុនបន្ដទៅខេត្តចុងក្រោយ គឺខេត្តព្រះសីហនុ៕