PayPal ដាក់ពាក្យស្នើសុំបង្កើត PayPal Bank ជាផ្លូវការនៅសហរដ្ឋអាមេរិក
18-12-2025 14:47
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុយក្ស PayPal Holdings, Inc. បានប្រកាសជាផ្លូវការ ថាខ្លួនបានដាក់ពាក្យស្នើសុំទៅកាន់អាជ្ញាធរសហព័ន្ធ និងរដ្ឋ ដើម្បីបង្កើតស្ថាប័នហិរញ្ញវត្ថុផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា "PayPal Bank"។ ការបោះជំហាននេះ នឹងធ្វើឱ្យ PayPal ប្រែក្លាយពីត្រឹមជាវេទិកាទូទាត់ប្រាក់ ទៅជាធនាគារពេញសិទ្ធិមួយនៅសហរដ្ឋអាមេរិក។
PayPal បានដាក់ពាក្យស្នើសុំទៅកាន់នាយកដ្ឋានស្ថាប័នហិរញ្ញវត្ថុនៃរដ្ឋ Utah (UDFI) និងទីភ្នាក់ងារធានាប្រាក់បញ្ញើសហព័ន្ធ (FDIC) ដើម្បីបង្កើតក្រុមហ៊ុនកម្ចីឧស្សាហកម្ម (ILC)។ អាជ្ញាប័ណ្ណប្រភេទនេះ នឹងអនុញ្ញាតឱ្យ PayPal ទទួលប្រាក់បញ្ញើ និងផ្តល់កម្ចីដោយផ្ទាល់ ដោយមិនចាំបាច់ពឹងផ្អែកលើធនាគារដៃគូដូចកាលពីមុនឡើយ។
ប្រសិនបើទទួលបានការអនុម័ត នោះ PayPal Bank នឹងផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដល់អ្នកប្រើប្រាស់ ដូចជាទីមួយគណនីសន្សំមានការប្រាក់៖ អតិថិជននឹងអាចបើកគណនីសន្សំដែលទទួលបានការប្រាក់ខ្ពស់ (Interest-bearing savings accounts)។ ទីពីរ ការធានាសុវត្ថិភាពប្រាក់បញ្ញើ៖ រាល់ប្រាក់បញ្ញើរបស់អតិថិជននឹងត្រូវការពារដោយ FDIC ដែលមានន័យថា ប្រាក់របស់ពួកគេនឹងត្រូវធានាសុវត្ថិភាពដោយរដ្ឋាភិបាលសហព័ន្ធរហូតដល់ ២៥០,០០០ ដុល្លារ។ ទីបី ការផ្តល់កម្ចីដល់អាជីវកម្មខ្នាតតូច៖ PayPal នឹងពង្រីកលទ្ធភាពផ្តល់ទុនដល់អាជីវកម្មខ្នាតតូច (SMEs) នៅទូទាំងសហរដ្ឋអាមេរិក កាន់តែមានប្រសិទ្ធភាព និងរហ័សជាងមុន។
ក្រុមហ៊ុនបានសម្រេចតែងតាំងអ្នកស្រី Mara McNeill ដែលជាអតីតនាយកប្រតិបត្តិ (CEO) នៃធនាគារសន្សំហិរញ្ញវត្ថុ Toyota ឱ្យធ្វើជាប្រធានដំបូងគេបង្អស់នៃ PayPal Bank។
លោក Alex Chriss នាយកប្រតិបត្តិរបស់ PayPal បានលើកឡើងថា៖ ការបង្កើត PayPal Bank នឹងពង្រឹងអាជីវកម្មរបស់យើង និងបង្កើនប្រសិទ្ធភាពក្នុងការគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មខ្នាតតូច និងឱកាសសេដ្ឋកិច្ចនៅទូទាំងសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះក៏កំពុងប្រឈមនឹងការតាមដានយ៉ាងដិតដល់ពីសំណាក់សមាគមធនាគារសហគមន៍ (ICBA) ដែលមានការបារម្ភពីឥទ្ធិពលនៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗ (Big Tech) នៅក្នុងប្រព័ន្ធធនាគារ។ ដំណើរការអនុម័តអាចនឹងត្រូវចំណាយពេលមួយរយៈ ខណៈដែលពិភពលោកកំពុងតាមដានមើលថាតើ PayPal នឹងផ្លាស់ប្តូរមុខមាត់ហិរញ្ញវត្ថុឌីជីថលយ៉ាងដូចម្តេច៕





