អម្រឹត នាំយកជំនួយមនុស្សធម៌ និងចុះផ្ទាល់ធ្វើម្ហូបជូនប្រជាជនភៀសសឹកជាង២,០០០គ្រួសារ នៅក្នុងខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ
18-12-2025 17:45
(ភ្នំពេញ)៖ សិ្ថតក្នុងកាលៈទេសៈដ៏លំបាកសម្រាប់ប្រទេស និងប្រជាជនកម្ពុជា នាពេលនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បាន និងកំពុងចុះផ្ទាល់ និងធ្វើម្ហូបជូនប្រជាជនភៀសសឹក ប្រមាណជិត ២,០០០គ្រួសារ ប្រមាណជាង៥,៣០០នាក់ ក្នុងនោះមានកុមារជាង ២,០០០នាក់ ដែលកំពុងស្នាក់នៅក្នុងជំរុំបណ្តោះអាសន្នចំនួន៣កន្លែង នៅក្នុងខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។
អម្រឹត រួមជាមួយនឹងអជ្ញាធរមូលដ្ឋាន និងប្រជាជនភៀសសឹក បានរួមគ្នាយ៉ាងសស្រាក់សស្រាំ រៀបចំម្ហូប២ពេល (ថ្ងៃត្រង់ និងពេលល្ងាច) ជូនប្រជាពលរដ្ឋទាំង៥,៣០០នាក់ សម្រាប់រយៈពេលមួយសប្តាហ៍ពេញ ចាប់ផ្តើមពីថ្ងៃច័ន្ទ ទី១៥ រហូតដល់ ថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥។
ក្រៅពីការធ្វើម្ហូបជូនប្រជាជនភៀសសិកទាំង ៥,៣០០នាក់ អម្រឹត ក៏បាននាំយកនូវជំនួយមនុស្សធម៌ជាស្បៀង គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន រួមមាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ ច្រាស់ដុសធ្មេញសម្លៀកបំពាក់ ជូនប្រជាជនភៀសសឹក និងសម្ភារៈសិក្សាមួយចំនួនមាន កាតាបស្ពាយ សៀវភៅនិទានរឿង សៀវភៅផាត់ពណ៌ ទឹកដោះគោ នំ ជូនប្អូនៗកុមារ តូចៗ ដែលកំពុងស្នាក់នៅក្នុងជំរុំបណ្តោះអាសន្នទាំង៣ទីតាំង រួមមាន ជំរុំវត្តរហាល (ស្រុកស្វាយលើ ខេត្តសៀមរាប) ជំរុំវត្តសង្កែវា (ស្រុកបវេលខេត្តបាត់ដំបង) និងជំរុំវត្តទួលប្រាសាទ (ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ)។
នេះមិនមែនជាលើកទី១ ដែលអម្រឹត ចូលរួមចំណែកសម្រាលការលំបាកជូនអតិថិជន និងប្រជាជនរងគ្រោះដែលជួបការលំបាកនោះទេ។ កន្លងមក ទាំងស្ថាប័នផ្ទាល់ និងបុគ្គលិកទាំងអស់ បាន និងកំពុងចូលរួមគាំទ្រយ៉ាងសកម្មជាស្មារតី ឬចូលរួមបរិច្ចាគជាថវិកា តាមមធ្យោបាយផ្សេងៗ និងលទ្ធភាពផ្ទាល់ខ្លួន ជួយប្រជាជនភៀសសិក និងប្រជាពលរដ្ឋរងគ្រោះ រួចមកហើយ។ អម្រឹត កំពុងរៀបចំផែនការ ចូលរួមជួយសម្រាលបន្ទុកប្រជាជនភៀសសឹក ជាបន្តបន្ទាប់ទៀត នាពេលខាងមុខ។
តាំងពីគ្រាដំបូង នៃការចាប់ផ្តើមមានជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃអម្រឹត បានចូលរួមគាំទ្រ និងអនុវត្តយ៉ាងសកម្មនូវវិធានការនានា ស្របតាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា ដូចជា ការមិនគិតការប្រាក់ ពន្យារការសងប្រាក់ ជួយអតិថិជនជាយុទ្ធជនដែលរងរបួស និងការលុបបំណុលដល់គ្រួសារយោធានពិការនិងពលី ជាដើម។ យើងទាំងអស់គ្នា ជឿជាក់ថា សាមគ្គីជាធ្លុងមួយ នោះពួកយើងនឹងឆ្លងផុតគ្រាដ៏លំបាកនេះជាមួយគ្នា។ សាមគ្គី… យើងនឹងឆ្លងផុតគ្រាដ៏លំបាកនេះជាមួយគ្នា Stronger Together៕






