ទីបំផុត ByteDance ព្រមលក់ភាគហ៊ុនភាគច្រើនឱ្យវិនិយោគិន ដើម្បីជៀសវាងការបិទ TikTok នៅអាមេរិក
19-12-2025 09:42
(រដ្ឋកាលីហ្វ័រញ៉ា)៖ ក្រុមហ៊ុន ByteDance ដែលជាម្ចាស់កម្មវិធី TikTok បានប្រកាសជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយវិនិយោគិនធំៗចំនួន ៣ ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា (Joint Venture) ថ្មីមួយសម្រាប់គ្រប់គ្រង TikTok នៅក្នុងសហរដ្ឋអាមេរិក។ ជំហានដ៏សំខាន់នេះ ធ្វើឡើងក្នុងគោលបំណងបញ្ចប់វិវាទ និងការគំរាមកំហែងបិទកម្មវិធីនេះពីសំណាក់រដ្ឋាភិបាលអាមេរិកដែលបានអូសបន្លាយពេលជាច្រើនឆ្នាំ។
យោងតាមអនុស្សរណៈផ្ទៃក្នុងរបស់លោក Shou Zi Chew នាយកប្រតិបត្តិ TikTok បានឱ្យដឹងថា ក្រុមហ៊ុនថ្មីដែលនឹងត្រូវបង្កើតឡើងមានឈ្មោះថា «TikTok USDS Joint Venture LLC» ដោយមានការបែងចែកភាគហ៊ុនដូចតទៅ៖ ទី១ ភាគហ៊ុនចំនួន ៨០.១% ត្រូវបានកាន់កាប់ដោយវិនិយោគិនអាមេរិក និងសកល ក្នុងនោះមានក្រុមហ៊ុន Oracle, Silver Lake និងក្រុមហ៊ុន MGX មកពីទីក្រុងអាប៊ូដាប៊ី កាន់កាប់ម្នាក់ ១៥%។ ទី២ ភាគហ៊ុនចំនួន ១៩.៩% នឹងត្រូវរក្សាទុកដោយក្រុមហ៊ុនមេ ByteDance ខណៈកិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថានឹងត្រូវបញ្ចប់ជាស្ថាពរនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។
លោក Shou Zi Chew បានបញ្ជាក់ប្រាប់បុគ្គលិកថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះនឹង «ដំណើរការជាអង្គភាពឯករាជ្យ» ដែលមានអំណាចពេញលេញលើ៖ ទី១ គឺ ការការពារទិន្នន័យអ្នកប្រើប្រាស់អាមេរិក។ ទី២គឺ សុវត្ថិភាពនៃក្បួនដោះស្រាយ (Algorithm)។ ទី៣ គឺការត្រួតពិនិត្យខ្លឹមសារ (Content Moderation) និងទី៤ គឺ និងការធានាលើសុវត្ថិភាពផ្នែកទន់ (Software)។
ក្រុមហ៊ុន Oracle នឹងដើរតួជាដៃគូសន្តិសុខបច្ចេកវិទ្យា ដោយរាល់ទិន្នន័យអ្នកប្រើប្រាស់អាមេរិកជាង ១៧០ លាននាក់ នឹងត្រូវរក្សាទុកក្នុងប្រព័ន្ធផ្ទុកទិន្នន័យរបស់ Oracle នៅក្នុងសហរដ្ឋអាមេរិកផ្ទាល់។
កិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានប្រើប្រាស់អំណាចប្រតិបត្តិដើម្បីពន្យារពេលការបិទ TikTok និងជំរុញឱ្យមានការលក់អាជីវកម្មនេះទៅឱ្យជនជាតិអាមេរិក។ លោក ត្រាំ ក៏បានទទួលស្គាល់ផងដែរថា TikTok បានដើរតួយ៉ាងសំខាន់ក្នុងការជួយឱ្យលោកឈ្នះការបោះឆ្នោតកាលពីឆ្នាំមុន ដោយសារលោកមានអ្នកតាមដានជាង ១៥ លាននាក់នៅលើគណនីផ្ទាល់ខ្លួន។
លោក Shou Zi Chew បានសរសេរក្នុងអនុស្សរណៈថា៖ «ការចុះហត្ថលេខានេះ នឹងអនុញ្ញាតឱ្យជនជាតិអាមេរិកជាង ១៧០ លាននាក់ បន្តស្វែងរកពិភពលោកដែលមានលទ្ធភាពមិនចេះរីងស្ងួត ដែលជាផ្នែកមួយនៃសហគមន៍សកលដ៏សំខាន់»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនយោបាយមួយចំនួននៅតែមានការមន្ទិល និងគ្រោងនឹងកោះហៅថ្នាក់ដឹកនាំថ្មីរបស់ TikTok មកសាកសួរនៅក្នុងសភាបន្តទៀតនៅឆ្នាំ ២០២៦ ដើម្បីធានាថា ByteDance ពិតជាមិនមានឥទ្ធិពលលើក្បួនដោះស្រាយ និងទិន្នន័យរបស់ពលរដ្ឋអាមេរិកពិតប្រាកដមែន៕







