Salah សំឡឹងរកការឈ្នះពាន Afcon លើកចុងក្រោយ ខណៈម៉ារ៉ុក រំពឹងធ្វើបានល្អក្នុងទឹកដី
19-12-2025 10:05
(បរទេស)៖ ប្រធានក្រុមជម្រើសជាតិអេហ្ស៊ីប Mohamed Salah សង្ឃឹមថា ឈ្នះពានប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2025 ជាលើកចុងក្រោយ ស្របពេលកម្មវិធីនឹងចាប់ផ្តើមប្រកួតចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ គ្រាដែលម្ចាស់ផ្ទះម៉ារ៉ុក រំពឹងធ្វើបានល្អ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ ដែលទើបបញ្ចប់ពីការអង្គុយនៅកៅអីបម្រុងនៅកីឡដ្ឋាន Anfield កាលពីថ្ងៃសៅរ៍មុន បានកំពុងផ្តោតលើការគ្រងជើងឯក Afcon ជាលើកទី៥ របស់អេហ្ស៊ីប ក្រោយពេលចាញ់ផ្តាច់ព្រ័ត្រ ២លើកកន្លងមក។
នេះមានន័យថា Salah នឹងត្រូវតតាំងនឹងម្ចាស់ផ្ទះម៉ារ៉ុក ដែលមានប្រធានក្រុម Achraf Hakimi ដែលកំពុងបង្ហាញទម្រង់លេងល្អនៅក្លឹប Paris Saint-Germain និងបាននាំម៉ារ៉ុកឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2022 នៅប្រទេសកាតាទៀតផង។
គួរបញ្ជាក់ផងថា Afcon ដែលលេង ២ឆ្នាំម្តង ៨សម័យកាលចុងក្រោយនេះ មានដល់ទៅ ៧ប្រទេសឯណោះដណ្តើមបានជើងឯក ដ្បិតកូដឌីវ័រ ក្រុមមានកៅអី World Cup 2026 ជាម្ចាស់ជើងឯកចុងក្រោយគេកាលឆ្នាំ២០២៣ នៅពេលផ្តួលនីហ្សេរីយ៉ានៅវគ្គផ្តាច់ព្រ័ត្រ។
Afcon 2025 លើកទី៣៥ នឹងចាប់ផ្តើមដំណើរការប្រកួតផ្លូវការចាប់ពីថ្ងៃអាទិត្យ ទី២១ ខែធ្នូ និងបញ្ចប់ទៅវិញនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដោយមាន ២៤ប្រទេសចូលរួម ចែកចេញជា ៦ពូល៕



