ម្ចាស់ស្បែកជើងមាស Andres Nieto ត្រឡប់មកភ្នំពេញក្រោនវិញ ក្រោយមិនសូវកបនៅលីគកំពូលឥណ្ឌូនេស៊ី
19-12-2025 10:39
(ភ្នំពេញ)៖ កីឡាករជម្រើសជាតិកម្ពុជា Andres Nieto បានត្រឡប់មកជាមួយក្លិបភ្នំពេញក្រោនវិញហើយ ក្រោយចាកចេញកន្លះរដូវកាល ទៅលេងឲ្យក្លិប Bhayangkara FC នៅលីគកំពូលឥណ្ឌូនេស៊ី តែមិនសូវកប ផ្ទុយពីប្រកបអាជីពនៅលីគកំពូលកម្ពុជា ដែលតែងរកគ្រាប់បាល់ រហូតឈ្នះស្បែកជើងមាសទៀតផង។
កីឡាករកូឡុំប៊ី សញ្ជាតិខ្មែរ បានបង្ហាញការសប្បាយរីករាយ ក្នុងការត្រឡប់មកបន្ដអាជីពបាល់ទាត់ជាមួយក្រុមសិង្ហក្រហម ក៏ដូចជាប្រទេសកម្ពុជា ដែល Nieto បានចាត់ទុកជាផ្ទះរបស់ខ្លួន ហើយរូបគេ ក៏បានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីជួយក្រុមក្នុងការប្រកួតប្រជែង ទាំងលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់អន្ដរជាតិផងដែរ។
គួរដឹងថា ក្រោយចំណាយពេលកន្លះរដូវកាល ជាមួយក្លិប Bhayangkara FC កីឡាករជម្រើសជាតិកម្ពុជារូបនេះ មិនសូវបានបង្ហាញខ្លួននោះទេ ពោលគឺគេបានបង្ហាញខ្លួនត្រឹម ៦ប្រកួត ។ អ្វីដែលមិនសមប្រកបបំផុត គឺ Nieto មិនអាចរកគ្រាប់បាក់ ឬការបញ្ជូនបាល់(Assist)ឲ្យមិត្តរួមក្រុមសូម្បីមួយគ្រាប់ ផ្ទុយកាលពីរដូវកាលមុន ដែលរូបគេលេងនៅលីគកំពូលកម្ពុជា រកបាន ២១គ្រាប់ ដើម្បីគ្រងពានស្បែកជើងមាស ហើយថែមទាំងឈ្នះពានកីឡាករល្អប្រចាំរដូវកាលទៀតផង៕






