ដូណាល់ ត្រាំ បើកផ្លូវឱ្យក្រុមហ៊ុន Nvidia លក់បន្ទះឈីប AI កម្រិតខ្ពស់ទៅឱ្យចិន ជាថ្នូរនឹងការបង់ថ្លៃសេវា ២៥%
19-12-2025 10:55
(ក្រុងវ៉ាស៊ីនតោន)៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមដំណើរការត្រួតពិនិត្យជាផ្លូវការដែលអាចនឹងអនុញ្ញាតឱ្យមានការនាំចេញបន្ទះឈីប AI ដ៏មានឥទ្ធិពលបំផុតលំដាប់ទីពីររបស់ក្រុមហ៊ុន Nvidia ទៅកាន់ប្រទេសចិន។ នេះគឺជាការសម្រេចចិត្តមួយដែលដើរតាមការសន្យារបស់លោក ត្រាំ ក្នុងការអនុញ្ញាតឱ្យមានការលក់បច្ចេកវិទ្យាដ៏ចម្រូងចម្រាសនេះឡើងវិញ។
កាលពីដើមខែធ្នូ ឆ្នាំ ២០២៥ នេះ លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងអនុញ្ញាតឱ្យមានការលក់បន្ទះឈីប Nvidia H200 ទៅកាន់ប្រទេសចិន ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងតម្រូវឱ្យក្រុមហ៊ុនបង់ «ថ្លៃសេវា» ចំនួន ២៥% លើរាល់ការលក់នីមួយៗ។
លោក ត្រាំ បានលើកឡើងថា ការធ្វើបែបនេះមានគោលបំណងពីរ៖ ទី១ គឺដើម្បីជួយឱ្យក្រុមហ៊ុនអាមេរិកនៅតែបន្តនាំមុខគេលើទីផ្សារបច្ចេកវិទ្យា។ ទី២ គឺដើម្បីកាត់បន្ថយតម្រូវការបន្ទះឈីបដែលផលិតនៅក្នុងស្រុកចិន (ដូចជាក្រុមហ៊ុន Huawei) ដែលអាចបង្អាក់ការរីកចម្រើននៃគូប្រជែងរបស់អាមេរិក។
យោងតាមប្រភពពី Reuters ក្រសួងពាណិជ្ជកម្មអាមេរិកបានបញ្ជូនពាក្យស្នើសុំអាជ្ញាប័ណ្ណនាំចេញបន្ទះឈីបនេះ ទៅកាន់ក្រសួងការបរទេស ក្រសួងថាមពល និងក្រសួងការពារជាតិ ដើម្បីពិនិត្យ និងវាយតម្លៃ។ ស្ថាប័នទាំងនេះមានរយៈពេល ៣០ថ្ងៃ ដើម្បីផ្តល់មតិយោបល់ ហើយប្រសិនបើមានការខ្វែងគំនិតគ្នាការសម្រេចចិត្តចុងក្រោយនឹងស្ថិតនៅលើដៃលោក ដូណាល់ ត្រាំ ផ្ទាល់។
ទោះជាយ៉ាងណា ការសម្រេចចិត្តនេះបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកនយោបាយអាមេរិកដែលប្រកាន់ជំហរតឹងរ៉ឹងជាមួយចិន។ ពួកគេបារម្ភថា បន្ទះឈីប H200 នឹងក្លាយជាអាវុធដ៏សំខាន់សម្រាប់ទីក្រុងប៉េកាំងក្នុងការបង្កើនសមត្ថភាពយោធា និងធ្វើឱ្យអាមេរិកបាត់បង់ឧត្តមភាពក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI)។
ចំណែកឯលោក David Sacks ដែលជាមន្ត្រីជាន់ខ្ពស់ផ្នែក AI នៃសេតវិមាន បានអះអាងផ្ទុយមកវិញថា ប្រសិនបើចិនអាចទិញបន្ទះឈីបកម្រិតខ្ពស់របស់ Nvidia បាន នោះក្រុមហ៊ុនចិនដូចជា Huawei នឹងលែងខិតខំប្រឹងប្រែងខ្លាំងក្នុងការស្រាវជ្រាវផលិតបន្ទះឈីបដោយខ្លួនឯងដើម្បីដេញតាមអាមេរិកទៀតហើយ។
នេះគឺជាការផ្លាស់ប្តូរជំហរ ១៨០ ដឺក្រេ បើធៀបនឹងអាណត្តិដំបូងរបស់លោក ត្រាំ ដែលកាលនោះលោកបានរឹតបន្តឹងយ៉ាងខ្លាំងលើការនាំចេញបច្ចេកវិទ្យាទៅកាន់ចិន។ បច្ចុប្បន្ន ក្រុមហ៊ុន Nvidia កំពុងពិចារណាបង្កើនការផលិតបន្ទះឈីប H200 នេះ បន្ទាប់ពីទទួលបានការបញ្ជាទិញយ៉ាងច្រើនលើសលប់ពីប្រទេសចិន៕







