សិស្សានុសិស្សប្រមាណ ២ពាន់នាក់ ទទួលបានការអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៥ ពី NOCC
19-12-2025 12:14
(ភ្នំពេញ)៖ កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៥ ដែលរៀបចំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការរៀបចំជិត ១០សាលា នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ មានសិស្សានុសិស្សប្រមាណ ២០០០នាក់ចូលរួម។
នេះបើតាមការបញ្ជាក់របស់លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC និងជាវាគ្មិនប្រចាំកម្មវិធី បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិកចុងក្រោយ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
ក្នុងនាមក្រុមការងាររៀបចំ លោកបានវាយតម្លៃខ្ពស់ ចំពោះចំនួនសិស្សានុសិស្ស ដែលបានចូលរួមឆ្នាំនេះ ពិសេសការយល់ដឹងអំពីប្រវត្តិ និងគុណតម្លៃអូឡាំពិក ដែលមានតាំងពីជិត ៣០០០ឆ្នាំមុន រហូតដល់បច្ចុប្បន្ន ។ ជាមួយគ្នា ពួកគេ ក៏បានស្វែងយល់ពីបទឈប់បាញ់ក្នុងចលនាកីឡា ដែលមានតាំងពីអូឡាំពិកក្រិចបុរាណ ដើម្បីឈានទៅរកការកសាងពិភពលោកឲ្យស្រស់បំព្រង និងប្រកបដោយសន្ដិភាព តាមរយៈកីឡា។
អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ គឺសិស្សានុសិស្សទាំងអស់ សុទ្ធតែបានចងចាំនូវមហាជោគជ័យដ៏អស្ចារ្យ នៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ បន្ថែមលើនេះ លោកក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្ស និងយុវជនយុវនារីកម្ពុជា សម្រាប់ការត្រៀមស្វាគមន៍ទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំមួយទៀត គឺការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះផងដែរ។
ទន្ទឹមជាមួយភាពជោគជ័យ នៃកម្មវិធីអប់រំគុណតម្លៃអូឡាំពិកប្រចាំឆ្នាំនេះដែរ ក្នុងនាម NOCC លោក ប៊ុយ សុភ័ណ្ឌ ក៏បានថ្លែងអំណរគុណដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា តាមរាជធានី-ខេត្ត និងសាលារៀនទាំងអស់ ដែលបានចូលរួមសហការរៀបចំ ធ្វើឲ្យកម្មវិធីបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ លោកសង្ឃឹមថា ក្រោយចូលរួមកម្មវិធីនេះ សិស្សានុសិស្សនឹងបន្តចូលរួមក្នុងយុទ្ធនាការចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ស្របតាមពាក្យស្លោក «ប្រជាជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត»៕












