ព្រះខ័នរាជស្វាយរៀង បានកាដូ ៣ពិន្ទុ បើកទ្វារផ្ទះទទួលអង្គរថាយហ្គឺរ ថ្ងៃសៅរ៍នេះ

19-12-2025 12:16

(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង បានទទួលកាដូ ៣ពិន្ទុពេញ មុនបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមភ្ញៀវអង្គរថាយហ្គឺរ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ស្អែក។

៣ពិន្ទុ ដែលត្រូវបានចាត់ទុកជាកាដូសម្រាប់ក្រុមការពារតំណែងជើងឯកខាងលើ គឺទទួលបានពីការពិន័យក្រុម អឹមអូអាយ កំពង់ដេវ៉ា ដែលល្មើសបទបញ្ជាការប្រកួត កំឡុងក្រុមទាំងពីរ បានជួបគ្នាបង្គ្រាប់សប្ដាហ៍ទី១០ កាលពីថ្ងៃទី១៤ ខែធ្នូកន្លងទៅ ដែលក្រុម អឹមអូអាយ កំពង់ដេវ៉ា បានដាក់កីឡាករបរទេសលើសចំនួនលើទីលាន ១រូប ហើយត្រូវបានគណៈកម្មការវិន័យសម្រេចឲ្យពួកគេ ចាញ់ព្រះខ័នរាជស្វាយរៀង ដោយស្វ័យប្រវត្តិ ៣-០ ទោះបីលទ្ធផលការប្រកួតពេលនោះ ក្រុមទាំងពីរស្មើគ្នា ២-២ ក៏ដោយ។

ជុំវិញការសម្រេចលទ្ធផលខាងលើ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) បានធ្វើការជូនដំណឹងនៅថ្ងៃទី១៩ ខែធ្នូនេះថា «ដោយយោងតាមប្រការ ៣៩ នៃក្រមវិន័យ និងសីលធម៌ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងប្រការ ១៤.៣ និងប្រការ ១៦.៣.៣ នៃបទបញ្ជាការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ ស្តីពីការដាក់កីឡាករបរទេសលើសចំនួនកំណត់ឱ្យចូលរួមប្រកួត រវាងព្រះខ័នរាជស្វាយរៀង (ប្រកួតជាមួយ) អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី។ សេចក្តីសម្រេច ពិន័យក្លឹបបាល់ទាត់ អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី ឱ្យចាញ់ការប្រកួតដោយកំណត់ លទ្ធផល ៣:០ ទល់នឹងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង»។

តាមរយៈការសម្រេចជ័យជម្នះឲ្យក្រុមព្រះខ័នរាជស្វាយរៀងនេះ បានធ្វើឲ្យពួកគេ បន្ដឈរកំពូលតារាង ដោយរកបាន ៣០ពិន្ទុបណ្ដោះអាសន្ន ជាមួយលទ្ធផល ១១ប្រកួតឈ្នះ ១០ និងចាញ់ ១ នាំមុខក្រុមភ្នំពេញក្រោន ដែលឈរលេខ២ រកបាន ២៤ពិន្ទុ ។ សម្រាប់ការប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមអង្គរថាយហ្គឺរ នៅថ្ងៃសៅរ៍ស្អែកនេះ ដែលជាជំនួបជើងទី២ រវាងក្រុមទាំងពីរ បន្ទាប់ពីជើងទី១ ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បានយកឈ្នះក្រុមខ្លាទឹកក្រូចលើទឹកដីខេត្តសៀមរាប ៣-០៕