កម្ពុជាការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធទូទាត់ឆ្លងដែនតាមខេអេចឃ្យូអរកូត (KH QR Code) ជាមួយឡាវ ដំណាក់កាលទី២

19-12-2025 14:02

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី «ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត» បានប្រកាស​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់ឆ្លងដែន តាមឃ្យូអរកូត នៅក្នុងប្រទេសកម្ពុជា ដំណាក់កាលទី២«ឡាវស្កេន ខេអេចឃ្យូអរកូត» ​ដើម្បី​ពង្រីកវិសាលភាព និងការជំរុញការទូទាត់ជាឌីជីថល សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ព្រមទាំងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ​ ជាពិសេសសម្រេចបាននូវទស្សនៈវិស័យរបស់អាស៊ាន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រព័ន្ធទូទាត់ឌីជីថលនៅក្នុងសហគមន៍។

កិច្ចសហប្រតិបត្តិការនេះ រៀបចំឡើងក្រោម អធិបតីភាព​ លោក​ស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោកស្រី Bounkham Vorachit ទេសាភិបាលធនាគារកណ្តាលឡាវ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ត្រូវបានជ្រើសរើសជាធនាគារទូទាត់ សម្រាប់ការទូទាត់ឆ្លងដែនរវាងកម្ពុជា និងឡាវ សម្រាប់ប្រតិបត្តិការទទួលយកការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀលនិងឡាវគីប) ដោយត្រូវបានផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែន នៅក្នុងប្រទេសឡាវដំណាក់កាលទី១ «កម្ពុជា ស្កេន ឡាវ QR Code» ប្រកបដោយភាពជោគជ័យ ក្នុង គោលបំណងដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់ការទូទាត់នៅក្នុង តំបន់អាស៊ាន និងបរិយាប័ន្នហិរញ្ញវត្ថុ ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។ កិច្ចសហប្រតិបត្តិការឆ្លងដែនរវាងកម្ពុជា (KHQR) និងឡាវ (Lao QR) គឺសរបញ្ជាក់ពីការអភិវឌ្ឍរបស់ធនាគារ អេស៊ីលីដា ដែលទទួលនូវភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងការដាក់ឱ្យដំណើរការទូទាត់ឃ្យូអរឆ្លងដែនរវាងប្រទេសកម្ពុជា ជាមួយនឹងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាននាពេលកន្លងមកនេះ។

ការដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសឡាវ ដំណាក់កាលទី២៖ ឡាវស្កេន ខេអេចឃ្យូអរកូត នឹងពង្រីកលទ្ធភាពឱ្យប្រជាជនឡាវដែលធ្វើដំណើរមកប្រទេសកម្ពុជាអាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និង/ ឬសេវាកម្ម ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅប្រទេសឡាវ ដើម្បីស្កេនខេអេចឃ្យូអរកូតរបស់ពាណិជ្ជករនៅទូទាំងប្រទេសកម្ពុជា។

ការទូទាត់ឆ្លងដែនតាមរយៈ QR Code អនុញ្ញាតឱ្យអតិថិជន និងសាធារណជនដែលជាប្រជាជនឡាវ អាចទិញទំនិញ និងធ្វើការទូទាត់ថ្លៃទំនិញនៅពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដោយគ្រាន់តែស្កេន ខេអេចឃ្យូអរកូត បានកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។ ប្រព័ន្ធទូទាត់ឌីជីថលនេះ នឹងធ្វើឱ្យការទូទាត់កាន់តែប្រសើរឡើងសម្រាប់ភ្ញៀវទេសចរ និងក្រុមហ៊ុន ក៏ដូចជាពង្រឹងរូបិយប័ណ្ណក្នុងស្រុកនៃប្រទេសទាំងពីរ ព្រមទាំងសម្រួលដល់ប្រតិបត្តិការទូទាត់និងកាត់បន្ថយចំណាយប្រតិបត្តិការ​៕