ការចេញលក់ទូរស័ព្ទ iPhone អេក្រង់បត់ដំបូងរបស់ Apple អាចនឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ ២០២៧

19-12-2025 14:40

(បរទេស)៖ ទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើនថា Apple នឹងបង្ហាញខ្លួនទូរស័ព្ទ iPhone អេក្រង់បត់ដំបូង (Foldable iPhone) នៅក្នុងព្រឹត្តិការណ៍រដូវស្លឹកឈើជ្រុះឆ្នាំក្រោយក៏ដោយ ប៉ុន្តែរបាយការណ៍ថ្មីចុងក្រោយបានបង្ហាញថា ការចែកចាយអាចនឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ ២០២៧ វិញ។

តាមការបញ្ជាក់របស់លោក Ming-Chi Kuo ដែលជាអ្នកជំនាញផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ល្បីល្បាញទាក់ទងនឹងក្រុមហ៊ុន Apple បានឱ្យដឹងថា គម្រោង «iPhone Fold (ឈ្មោះបណ្ដោះអាសន្ន ឬឈ្មោះចចាមអារ៉ាម)» កំពុងជួបបញ្ហាយឺតយ៉ាវជាងកាលវិភាគដែលបានកំណត់។

លោក Kuo បានបញ្ជាក់ក្នុងកំណត់ត្រាស្រាវជ្រាវថា Apple កំពុងប្រឈមមុខនឹងបញ្ហាបច្ចេកទេសក្នុងដំណាក់កាលដំបូង ជាពិសេសលើ «អត្រាផលិតផលសម្រេច» និងបញ្ហាក្នុងចង្វាក់ផលិតកម្មផ្សេងៗទៀត មុនពេលឈានដល់ការផលិតទ្រង់ទ្រាយធំ។

ទោះបីជា Apple នៅតែរក្សាគម្រោងប្រកាសបង្ហាញ iPhone Fold នេះនៅពាក់កណ្តាលឆ្នាំ ២០២៦ ក៏ដោយ ប៉ុន្តែលោក Kuo បានព្រមានថា ការចែកចាយទូរស័ព្ទទៅកាន់ទីផ្សារឱ្យបានរលូន អាចនឹងមិនកើតឡើងរហូតដល់ឆ្នាំ ២០២៧ ឡើយ។ លោកបានបន្ថែមថា ការផ្គត់ផ្គង់នឹងនៅតែមានកម្រិតទាបបំផុតរហូតដល់ដាច់ឆ្នាំ ២០២៦ បើទោះបីជាតម្រូវការពីអតិថិជនមានកម្រិតខ្ពស់ខ្លាំងក៏ដោយ។

យោងតាមរបាយការណ៍បឋម iPhone Fold ត្រូវបានគេរំពឹងថានឹងមានលក្ខណៈសម្បត្តិដូចជា អេក្រង់ខាងក្រៅ ទំហំ ៥.៨ អ៊ីញ, អេក្រង់ខាងក្នុង (អេក្រង់បត់) ទំហំ ៧.៥៨ អ៊ីញ ប្រភេទ Flexible Panel ហើយចំពោះតម្លៃវិញត្រូវបានគេរំពឹងទុកថា ប្រហែល ២៤០០ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

អ្នកជំនាញជឿជាក់ថា វត្តមានរបស់ iPhone Fold នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនទីផ្សារទូរស័ព្ទអេក្រង់បត់នៅទូទាំងពិភពលោកក្នុងឆ្នាំខាងមុខ បើទោះបីជាវាមានតម្លៃខ្ពស់ក៏ដោយ៕