ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា ត្រៀមជំនួយសប្បុរសធម៌ នាំយកជួយជនភៀសសឹកនាថ្ងៃស្អែក
19-12-2025 20:49
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡាម្ពុជាវ៉ូវីណាមក រួមជាមួយយុវជន-យុវនារីជាច្រើន នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះ បានរួមគ្នារៀបចំសម្ភារ និងជំនួយសប្បុរសធម៌ ដែលទទួលបានការបរិច្ចាគពីគ្រួសារសប្បុរសជននានា តាមរយៈលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាកម្ពុជា សម្រាប់ត្រៀមនាំយកទៅជួយដល់ជនភៀសសឹក ដែលរងគ្រោះដោយសារការឈ្លានពាន និងការបាញ់ប្រហារទាំងកំរោលពីសំណាក់យោធាថៃ មកលើកងកម្លាំង ព្រមទាំងជនស៊ីវិលកម្ពុជា។
ទន្ទឹមជាមួយការដឹកនាំកៀគរជំនួយសប្បុរសជន និងការរៀបចំសម្ភារនៅល្ងាចនេះដែរ លោក អ៊ូ រតនា បានថ្លែងអំណរគុណដល់សមាជិកគណៈកម្មាធិការប្រតិបត្តិ ទីប្រឹក្សា ប្រធានកិត្តិយសសហព័ន្ធ រួមជាមួយគ្រូបង្វឹក កីឡាករ-កីឡាការិនី និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគតាមរយៈសហព័ន្ធជារឿយៗ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងគ្រាលំបាកដែលសត្រូវបានឈ្លានពាន ដើម្បីជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋស្លូតត្រង់ ដែលត្រូវបានជម្លៀសមកទីកន្លែងសុវត្ថិភាពឃ្លៀតឆ្ងាយពីផ្ទះសម្បែងជាដើម។ លើសពីនេះ លោកក៏អរគុណក្រុមហ៊ុន DRSB ដែលបានឧបត្ថម្ភរថយន្ដ ២គ្រឿង សម្រាប់ដឹកជញ្ជូនជំនួយទាំងអស់ផងដែរ។
ទោះបីជាកម្លាំងមហាសាមគ្គីក្រោមស្មារតីខ្មែរតែមួយបែបនេះក្ដី លោកសង្ឃឹមថា សង្គ្រាមនឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗ តាមរយៈការគោរពនូវបទឈប់បាញ់ និងកិច្ចព្រៀមព្រៀងសន្ដិភាព ដូចអ្វីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងប្រកាន់ភ្ជាប់ជានិច្ច ក្នុងដំណើរឆ្ពោះទៅរកសន្ដិភាព ដែលជាអ្វីដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចង់បាន គឺកម្ពុជាត្រូវការសន្ដិភាព មិនត្រូវការសង្គ្រាមនោះទេ៕


















