មិនរង់ចាំដល់គេដកតំណែង លោក Shi បានលាឈប់ពីតួនាទី ប្រធាននាយកប្រតិបត្តិក្លឹប Wolves

20-12-2025 09:59

(បរទេស)៖ លោក Jeff Shi បានចុះចេញពីតំណែង ប្រធាននាយកប្រតិបត្តិក្លឹប Wolverhamton Wanderer ឱ្យបានមុនពេលគេបណ្តេញចេញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ការចាកចេញរបស់បុរសវ័យ ៤៨ឆ្នាំ ក្រោយពេលកាន់តួនាទីធំនេះនៅកីឡដ្ឋាន Molineux អស់ជិត ១០ឆ្នាំ គ្រាដែល Wolves លេងមិនឈ្នះសោះ និងឈរនៅបាតតារាង Premier League រដូវកាលនេះ ដោយទើបរកបានតែ ២ពិន្ទុប៉ុណ្ណោះ។

ទោះជាបែបនេះក្តី លោកនៅតែជាប្រធាន និងកាន់តួនាទីប្រធានប្រតិបត្តិនៃក្រុមហ៊ុន Fosun Sports Group ដដែល ដោយពុំមានប្រតិបត្តិការអ្វីនៅក្នុងក្លឹបកញ្ជ្រោងនេះទៀតឡើយ នៅពេលតំណែងរបស់លោក នឹងត្រូវបានជំនួសដោយលោក Nathan Shi ជាស្តីទី ដែលជាអ្នកធ្វើការនៅក្រុមហ៊ុន Fosun នេះតាំងពីឆ្នាំ២០១៦ មក។

លោក Shi បានថ្លែងប្រាប់ BBC WM កាលពីសប្តាហ៍មុន រួមជាមួយនាយកបច្ចេកទេសក្លឹប លោក Matt Jackson ផងថា Wolves បានជួបរឿងនូវការទិញ-ដូរកីឡាករខុសនារដូវក្តៅនេះ នាំឱ្យក្លឹបពូកែនៅតំបន់ការពារមួយនេះធ្លាក់ទម្រង់លេងជាខ្លាំង និងប្រឈមទៅនឹងការកាត់ចេញពីលីគអង់គ្លេសរដូវកាល ២០២៥-២៦ ទៀតផង៕