មហាសេដ្ឋី Masayoshi Son បោះទុនអស់ពីកាបូប៖ SoftBank ប្រញាប់ប្រញាល់កៀងគរប្រាក់ ២២.៥ ពាន់លានដុល្លារ ដើម្បីវិនិយោគក្នុង OpenAI

20-12-2025 10:40

(តូក្យូ)៖ ក្រុមហ៊ុនមហាយក្សជប៉ុន SoftBank Group កំពុងស្ថិតក្នុងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីប្រមូលសាច់ប្រាក់ឱ្យបាន ២២.៥ ពាន់លានដុល្លារ សម្រាប់សម្រេចកិច្ចព្រមព្រៀងវិនិយោគក្នុងក្រុមហ៊ុន OpenAI ឱ្យបានមុនដាច់ឆ្នាំ ២០២៥ នេះ។ ការបោះទុនដ៏ធំធេងនេះ គឺជាយុទ្ធសាស្ត្រ "ចាក់អស់ពីខ្លួន" របស់លោក Masayoshi Son នាយកប្រតិបត្តិ SoftBank ដើម្បីដណ្តើមតំណែងឈានមុខគេក្នុងសមរភូមិបញ្ញាសិប្បនិម្មិត (AI)។

ដើម្បីប្រមូលប្រាក់ឱ្យបានគ្រប់ចំនួនតាមការសន្យា លោក Masayoshi Son បានសម្រេចចិត្តចាត់វិធានការណ៍ក្តៅៗមួយចំនួនរួមមាន៖ លក់ភាគហ៊ុន Nvidia ដោយបានបញ្ចេញភាគហ៊ុនទាំងអស់តម្លៃ ៥.៨ ពាន់លានដុល្លារ។ លក់ភាគហ៊ុន T-Mobile US ដោយបញ្ចេញភាគហ៊ុនតម្លៃ ៤.៨ ពាន់លានដុល្លារ។ កាត់បន្ថយបុគ្គលិក និងការវិនិយោគផ្សេងៗ៖ បានកាត់បន្ថយចំនួនបុគ្គលិក និងផ្អាកការធ្វើកិច្ចព្រមព្រៀងថ្មីៗដែលមានតម្លៃលើសពី ៥០ លានដុល្លារ ដោយត្រូវមានការអនុម័តដោយផ្ទាល់ពីលោក Son។

ក្រៅពីនេះ SoftBank ក៏មានគម្រោងនាំយកកម្មវិធីទូទាត់ប្រាក់ PayPay ចូលទីផ្សារភាគហ៊ុន (IPO) នៅត្រីមាសទី ១ ឆ្នាំ ២០២៦ ដែលរំពឹងថានឹងកៀងគរប្រាក់បានជាង ២០ ពាន់លានដុល្លារ បន្ថែមទៀត។ ក្រុមហ៊ុនក៏កំពុងពិចារណាលក់ភាគហ៊ុនក្នុងក្រុមហ៊ុនដឹកជញ្ជូនចិន Didi Global ផងដែរ។

មូលហេតុដែល SoftBank ព្យាយាមកៀងគរទុនយ៉ាងដូច្នេះ គឺដោយសារការវិនិយោគនេះមានសក្តានុពលចំណេញខ្ពស់។ កាលពីខែមេសា SoftBank បានព្រមព្រៀងវិនិយោគក្នុង OpenAI ក្នុងតម្លៃក្រុមហ៊ុន ៣០០ ពាន់លានដុល្លារ។ បច្ចុប្បន្ន តម្លៃរបស់ OpenAI បានហក់ឡើងដល់ជិត ៩០០ ពាន់លានដុល្លារ (កើនឡើង ៣ ដង) បន្ទាប់ពីមានកិច្ចពិភាក្សាវិនិយោគជាមួយក្រុមហ៊ុនយក្សផ្សេងៗដូចជា Amazon ជាដើម។

ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់តាមកិច្ចសន្យានៅត្រឹមដំណាច់ឆ្នាំ ២០២៥ នោះ SoftBank នឹងទទួលបានប្រាក់ចំណេញតាមរយៈតម្លៃភាគហ៊ុនយ៉ាងច្រើនលើសលប់។

ការសម្រុកប្រមូលទុនរបស់ SoftBank បានឆ្លុះបញ្ចាំងពីសម្ពាធដែលក្រុមហ៊ុនវិនិយោគធំៗលើលោកកំពុងជួបប្រទះ ក្នុងការស្វែងរកប្រភពទុនរាប់រយពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ AI (AI Data Centers) និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់៕

https://www.reuters.com/business/media-telecom/softbank-races-fulfill-225-billion-funding-commitment-openai-by-year-end-sources-2025-12-19/