ចិនប្រកាសច្បាប់ថ្មី៖ រឹតបន្តឹងការកំណត់តម្លៃលើវេទិកាអ៊ីនធឺណិត ដើម្បីបញ្ចប់សង្គ្រាមតម្លៃ និងការពារអាជីវកម្មខ្នាតតូច

20-12-2025 10:55

(ប៉េកាំង)៖ ប្រទេសចិន បានប្រកាសនៅថ្ងៃសៅរ៍នេះថា ខ្លួននឹងដាក់ចេញនូវបទប្បញ្ញត្តិថ្មី ដើម្បីគ្រប់គ្រងការកំណត់តម្លៃលើវេទិកាអ៊ីនធឺណិត ដែលនឹងត្រូវចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃទី ១០ ខែមេសា ខាងមុខនេះ។ ននេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

ខ្លឹមសារសំខាន់ៗនៃបទប្បញ្ញត្តិថ្មីនេះរួមមាន ទីមួយ គឺហាមឃាត់ការបង្ខិតបង្ខំ៖ ម្ចាស់វេទិកាអ៊ីនធឺណិតមិនត្រូវប្រើប្រាស់មធ្យោបាយផ្សេងៗ ដូចជាការដំឡើងថ្លៃសេវា ឬការដាក់អាជីវកម្មទៅក្នុង បញ្ជីខ្មៅ នៃចំណាត់ថ្នាក់ស្វែងរក ដើម្បីបង្ខំឱ្យអាជីវករនៅលើវេទិការបស់ខ្លួនបញ្ចុះតម្លៃឡើយ។ ទីពីរគឺ
ការរក្សាតុល្យភាពទីផ្សារ៖ បទប្បញ្ញត្តិនេះមានគោលបំណងទប់ស្កាត់ការអនុវត្តណាដែលអាជ្ញាធរចាត់ទុកថាជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍទីផ្សារប្រកបដោយសុខភាពល្អ និងសមហេតុផល។

ទោះបីជាមានការប្រកាសច្បាប់ថ្មីក៏ដោយ ក៏វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកធំៗរបស់ចិននៅតែបន្ត "សង្គ្រាមតម្លៃ" លើសេវាកម្មលក់រាយរហ័ស (Instant Retail) យ៉ាងខ្លាំងក្លា។ ខណៈពេលដែលអ្នកប្រើប្រាស់ទទួលបានផលចំណេញពីតម្លៃទាប ប៉ុន្តែអាជីវករ និងម្ចាស់ហាងអាហារបានត្អូញត្អែរយ៉ាងខ្លាំងនៅលើបណ្តាញសង្គមថា បាត់បង់ប្រាក់ចំណេញ៖ សង្គ្រាមតម្លៃដែលអូសបន្លាយបានធ្វើឱ្យប្រាក់ចំណេញស្ទើរតែស្មើសូន្យ និងប៉ះពាល់ដល់ការលក់ផ្ទាល់៖ ម្ចាស់ហាងអាហារមានការព្រួយបារម្ភពីការធ្លាក់ចុះនៃអតិថិជនដែលមកទទួលទានផ្ទាល់នៅហាង ដែលជាប្រភពចំណូលដ៏សំខាន់។

ជំហានថ្មីរបស់រដ្ឋាភិបាលចិននេះ ត្រូវបានគេមើលឃើញថាជាការព្យាយាមបញ្ចូលអន្តរាគមន៍ ដើម្បីធានាឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌ និងការពារស្ថិរភាពសេដ្ឋកិច្ចរបស់អាជីវកម្មខ្នាតតូចដែលកំពុងរងគ្រោះពីការបង្ខំបញ្ចុះតម្លៃពីសំណាក់វេទិកាយក្សៗ៕