មិនធម្មតា! Joshua វ៉ៃ Paul បែកថ្គាមខ្ទេច ដោយបង្ខំឱ្យចុះចាញ់ត្រឹមទឹកទី៦ ប៉ុណ្ណោះ

20-12-2025 13:37

(បរទេស)៖ កីឡាករប្រដាល់ទម្ងន់ធ្ងន់អង់គ្លេស Anthony Joshua បានប្រើកណ្តាប់ដៃស្តាំរបស់លោក វាយបំបែកថ្គាមរបស់ Jake Paul និងបង្ខំឱ្យបោះបង់ការប្រកួតត្រឹមទឹកទី៦ តែប៉ុណ្ណោះ ក្នុងចំណោមប្រកួត ១២ទឹកពេញនៅលើទឹកដីសហរដ្ឋអាមេរិក។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Joshua វ័យ ៣៦ឆ្នាំ បានវាយកីឡាករម្ចាស់ផ្ទះអាមេរិក Paul វ័យ ២៨ឆ្នាំ ឱ្យដួលអុកគូថលើសង្វៀន Kaseya Center ដែលស្ថិតក្នុងទីក្រុង Miami ដល់ទៅ ៤លើកឯណោះ ក្នុងចំណោម ៦ទឹកបញ្ចប់ពាក់កណ្តាលផ្លូវនាថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា)។

Joshua អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ២សម័យកាលផងនោះ បានកាច់ធ្មុងអំនួតរបស់ Paul ដែលតែងតែរាំឌឺដង និងបដិសេធមិនប៉ះដៃជាច្រើនលើកច្រើនសារ តាមរយៈផ្តួលអតីតតារា YouTube អុកគូថនៅលើរេញដល់ទៅ ២លើក ពីក្នុងទឹកទី៥។

ទោះជាយ៉ាងណា Anthony Joshua បានចាត់ទុក នេះជាជ័យជម្នះតូចមួយប៉ុណ្ណោះ បើទោះបីជា Paul បានផ្តួលអតីតជើងខ្លាំងពិភពលោក Mike Tyson វ័យ ៥៨ឆ្នាំ មានរយៈពេល ១៣ខែមកហើយក៏ដោយ។

Joshua បានចាកចេញពី Miami ជាមួយនឹងកញ្ចប់ទឹកប្រាក់ដែលត្រូវបានគេរាយការណ៍ថា មានប្រមាណ ២១០លានផោនផងដែរ។ រូបគេបានកំពុងផ្តោតលើគូប្រកួតបន្ទាប់នាអំឡុងខែកុម្ភៈ មុនពេលអាចប៉ះ Fury នៅចុងឆ្នាំ២០២៦៕