កីឡាករថ្លៃជាងគេរបស់ Liverpool រងរបួស នៅពេល Arsenal វិលទៅកាន់កំពូលតារាង PL វិញ

21-12-2025 09:51

(បរទេស)៖ ខ្សែប្រយុទ្ធតម្លៃខ្លួន ១២៥លានផោន Alexander Isak របស់ក្លឹបហង្សក្រហម Liverpool បានជួបបញ្ហារបួសយប់មិញ នៅពេលដែលកាំភ្លើងធំ Arsenal បានវិលទៅគ្រប់គ្រងតំណែងកំពូលតារាង Premier League វិញក្រោយយកឈ្នះម្ចាស់ផ្ទះ Everton។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បញ្ហារបួសយ៉ាងណារបស់កីឡាករអន្តរជាតិស៊ុយអែត Isak នៅមិនទាន់ច្បាស់ថាធ្ងន់ធ្ងរយ៉ាងណានោះទេ នៅពេលរូបគេរកបាន ១គ្រាប់ បន្ទាប់ពីត្រូវបានប្តូរចូលលេងនៅដើមវគ្គទី២ តាមរយៈយកឈ្នះម្ចាស់ផ្ទះ Tottenham Hotspur ២-១ ស្របពេលមាន់ខ្នាយមាសនៅសល់សមាជិកតែ ៩នាក់។

ការជួបបញ្ហារបួសរឹតតែធ្វើឱ្យក្រុមរបស់លោក Arne Slot មានភាពទន់ខ្សោយនៅតំបន់ប្រយុទ្ធថែមទៀត ក្នុងនាមជាក្រុមការពារតំណែងជើងឯកលីគអង់គ្លេសផងនោះ ដែលទើបរកបាន ២៩ពិន្ទុឈរនៅលេខ៥ បណ្តោះអាសន្ន ក្រោយឆ្លងកាត់ ១៧ប្រកួតមកនេះ។

ក្រុមហង្សក្រហមមួយនេះ បានអវត្តមានខ្សែប្រយុទ្ធ Mohamed Salah ដែលត្រូវទៅម៉ារ៉ុក ដើម្បីលេងពាន Africa Cup of Nations ជាមួយអេហ្ស៊ីប គ្រាដែលកីឡាករហូឡង់ Cody Gakpo មានបញ្ហារបួស ហើយ Florian Wirtz ធ្វើពុំទាន់បានល្អនៅឡើយ ដែលត្រូវប្តូរចេញជំនួសដោយ Isak ក្នុងនាមកីឡាករតម្លៃខ្លួន ១១៦លានផោន។

ចំណែកឯ Arsenal របស់លោក Mikel Arteta វិញ បានវិលទៅកាន់កាប់តំណែងកំពូលតារាងជាថ្មី ក្រោយឈ្នះ ១-០ នៅក្នុងផ្ទះស្ករគ្រាប់ Everton ពីការធ្វើបានសម្រេចរបស់ខ្សែប្រយុទ្ធស៊ុយអែត Viktor Gyokeres នៅនាទី២៧ ដោយបាល់ប៉េណាល់ទី។

៣ពិន្ទុដ៏សំខាន់ក្រៅដីនេះដែរ បានញាំងឱ្យកាំភ្លើងធំរកបាន ៣៩ពិន្ទុ នាំមុខក្រុមលេខ២ Manchester City ២ពិន្ទុ ទោះបីមេឃខៀវបំបាក់ញញួរធំ West Ham ៣-០ នៅកីឡដ្ឋាន Etihad កាលពីថ្ងៃសៅរ៍ក៏ដោយ៕