ប្រធានកីឡវ៉ូវីណាមកម្ពុជា៖ កីឡារស់ក្នុងសន្ដិភាព តែបើជាតិមានទុក្ខ ត្រូវចោរឈ្លានពាន អ្នកកីឡាក៏មិនត្រូវនៅស្ងៀមដែរ

21-12-2025 12:45

(ភ្នំពេញ)៖ កីឡារស់ក្នុងសន្ដិភាព តែបើប្រទេសជាតិ ជួបទុក្ខលំបាក ត្រូវចោរសៀមឈ្លានពាន កីឡាករ-កីឡាការិនីទាំងអស់ ក៏មិនត្រូវនៅស្ងៀមដែរ ត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាល និងវីរៈកងទ័ព ក្នុងនាមសមរភូមិក្រោយ ដើម្បីជួយជាតិស្វែងរកសន្ដិភាព ដើម្បីមានឱកាសបន្ដហ្វឹកហាត់ និងចេញទៅប្រកួតលើឆាកអន្ដរជាតិ។

នេះបើតាមការលើកឡើងរបស់លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បន្ទាប់ពីដឹកនាំមន្ដ្រីសហព័ន្ធ គ្រូបង្វឹក កីឡាករ-កីឡាការិនី រួមជាមួយសប្បុរសជន នាំយកអំណោយជាច្រើន ដែលទទួលបានការបរិច្ចាគពីសប្បុរសជននានា តាមរយៈសហព័ន្ធ ប្រគល់ជូនក្រុមការងារចុះជួយស្រុកព្រះនេត្រព្រះ សម្រាប់ជួយដល់ជនភៀសសឹក និងវីរកងទ័ពជួរមុខ ដែលទទួលដោយលោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប លោកបានសម្ដែងនូវការរន្ធត់ ចំពោះសកម្មភាពឈ្លានពានរបស់ចោរសៀម ដែលបានរំលោភទៅលើលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ប្រជាពលរដ្ឋ ដែលផ្ទុយទៅនឹងច្បាប់សង្គ្រាម ក៏ដូចជាច្បាប់អន្ដរជាតិ ។ ការណ៍នេះ លោកបានអំពាវនាវអន្ដរជាតិ ពិសេសតុលាការ ICJ ដាច់ខាតត្រូវដាក់ទោសចំពោះថ្នាក់ដឹកនាំចោរសៀមរាប ដែលល្មោមសង្គ្រាម ហើយកំពុងរំលោភបំពានច្បាប់អន្ដរជាតិទាំងអស់នេះ។

លោក អ៊ូ រតនា បន្ដទៀតថា «ប្រទេសជាតិកំពុងមានសង្គ្រាម ក្នុងមានយើងជាប្រជាពលរដ្ឋកម្ពុជា យើងមានការឈឺចាប់ខ្លាំងណាស់ យើងត្រូវតែរួមគ្នាការពារជាតិ និងការពារទឹកដីពួកយើងឲ្យបាន។ ទោះជាបងប្អូនវីរកងទ័ពជួរមុខគាត់កាន់អាវុធ តែក្នុងនាមសមរភូមិក្រោយ ពួកយើង ត្រូវជួយទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីបង្ហាញពីបេះដូងខ្មែរតែមួយ ដាច់ខាតយើងមិនឲ្យសត្រូវឈ្លានពាន ឬមកបំផ្លិចបំផ្លាញជាតិរបស់យើងបានឡើយ»

ជាមួយគ្នា លោកក៏បានគូសរំលេចផងដែរថា «កីឡារស់ក្នុងសន្ដិភាព បើសិនគ្មានសន្ដិភាព យើងក៏មិនមានឱកាសនឹងលេងកីឡាដែរ ។ នេះគឺជាទិសស្លោករបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ តាមរយៈនេះ ខ្ញុំតែងបណ្ដុះគំនិតដល់កីឡាករ-កីឡាការិនីទាំងអស់ថា ក្មួយៗដែលមានឱកាសលេងកីឡា និងចេញទៅប្រកួតក្រៅប្រទេស ដោយសារប្រទេសមានសន្ដិភាព ។ ដូច្នេះពេលនេះ ជាតិមានទុក្ខលំបាក ក្មួយៗជាអ្នកកីឡាទាំងអស់ ត្រូវរួមគ្នាជួយដល់ជាតិរបស់យើង បើជាតិរបស់យើង ត្រូវចោរឈ្លានពាន ហើយពួកយើងនៅស្ងៀម មានន័យថា ឱកាសលេងកីឡាក៏គ្មានដែរ»

ដោយឡែកកីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជា ពៅ សុខា ម្ចាស់មេដាយស្ទើររាប់ភ្លេច ក៏បានសម្ដែងការឈឺចាប់ ហើយថា កាលៈទេសៈប្រទេសជាតិមានសង្គ្រាម ខ្លួន ក៏ដូចជាកីឡាករ-កីឡាការិនីផ្សេងៗ ក៏គ្មានអារម្មណ៍ហ្វឹកហាត់ដែរ។ សុខា ថា «ក្នុងនាមពលរដ្ឋមួយរូប មិនថាកីឡា ឬឯកជនទេ យើងអត់ចង់បានអ្វីក្រៅពីសន្ដិភាពទេ ព្រោះ ទាល់តែមានសន្ដិភាព ទើបយើងប្រកបរបរទទួលទាន ឬអាចហ្វឹកហាត់កីឡាបាន តែក្នុងកាលៈទេសៈបែបនេះ គឺយើងអត់មានអារម្មណ៍ស្ងប់ ឬផ្ដោតលើការហ្វឹកហាត់បានទេ អារម្មណ៍វានៅតែវិលវល់ជាមួយព័ត៌មានពីស្ថានភាពប្រទេសជាតិយើង»

តាមរយៈនេះ ពៅ សុខា បានធ្វើការអំពាវនាវយ៉ាងទទូចថា «ខ្ញុំសូមសំណូមរពរដល់ប្រជាពលរដ្ឋទាំងអស់ មិនថាជួយមូលនិធិណាមួយក៏បាន ឬជួយនៅទីណាក៏បាន សូមបន្ដធ្វើ តែអ្វីដែលមិនត្រូវធ្វើ គឺសូមកុំឈប់ជួយ។ មែនទែនទៅ បើនិយាយពីតម្រូវការមានរាល់ថ្ងៃ មានច្រើន ហើយបើនិយាយពីគ្រប់គ្រាន់ គឺអត់គ្រប់គ្រាន់ទេ បើយើងមើលតាមតួរលេខប្រជាពលរដ្ឋភៀសសឹក គឺកើនឡើងរៀងរាល់ថ្ងៃ ដោយសារការឈ្លានពានពីចោរសៀម។ ដូច្នេះខ្ញុំសូមបងប្អូនបន្ដជួយក្នុងរូបភាពអ្វីក៏បាន តែសុំកុំឈប់ ទោះបីតិចក្ដីច្រើនក្ដី សុទ្ធតែជាចំណែកនៃការជួយជាតិពីពួកយើងទាំងអស់គ្នា ក៏ដូចជាការជួយលើកទឹកចិត្តដល់ពូៗ បងៗវីរៈកងទ័ព និងវីរៈនគរបាលសមរភូមិមុខផងដែរ»

គួរដឹងថា អំណោយសប្បុរសធម៌ ដែលថ្នាក់ដឹកនាំសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បាននាំយកជួយជនភៀសសឹកមួយផ្នែក និងវីរៈកងទ័ពជួរមុខ មួយផ្នែក តាមរយៈអាជ្ញាធរ និងក្រុមការងារចុះជួយមូលដ្ឋានស្រុកព្រះនេត្រព្រះ គឺមានគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ជាច្រើន សរុបចំនួន ២រថយន្ដ ដែលឧបត្ថម្ភការដឹកជញ្ជូនដោយក្រុមហ៊ុន DRSB។ លោក គង់ ច័ន្ទវាសនា បានប្ដេជ្ញាប្រើប្រាស់ជំនួយនេះ ដោយតម្លាភាពបំផុត ខណៈបច្ចុប្បន្នស្រុកព្រះនេត្រព្រះ មានប្រជាពលរដ្ឋភៀសសឹកប្រមាណ ៣ម៉ឺននាក់ ឬស្មើនឹងប្រមាណ ៨ពាន់គ្រួសារ ដែលស្នាក់នៅ និងទទួលបានយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរក្នុងមូលដ្ឋាន៕