ថ្នាក់ដឹកនាំប្រដាល់សកល ផ្ដាំផ្ញើគ្រូបង្វឹកឲ្យចេះច្នៃប្រឌិតមេរៀនបន្ថែម ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិ
21-12-2025 12:48
(ភ្នំពេញ)៖ លោក រាជ សុផែន អនុប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានផ្ដាំផ្ញើដល់គ្រូបង្វឹកទាំងអស់ ត្រូវខិតខំសិក្សាស្រាវជ្រាវ ពិសេសត្រូវចេះច្នៃប្រឌិតលើមេរៀន និងបច្ចេកទេសបន្ថែម ដើម្បីធានាបាននូវការរួមចំណែកបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី ប្រកបដោយសមត្ថភាពត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។
ការផ្ដាំផ្ញើនេះ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោយដំណើរការសិក្សារយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី១៧-១៩ ខែធ្នូកន្លងទៅ ដោយមានសិក្ខាកាម ២៦រូបចូលរួម ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា និងបង្រៀនដោយគ្រូឧទ្ទេសអន្ដរជាតិលោក Russell Stutely។
ក្នុងនាមតំណាងប្រធានសហព័ន្ធ លោកបានវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមចូលរួម ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពោលគឺជានិទ្ទេសដ៏ល្អ ពោលគឺមានសិក្ខាម ២០រូបទទួលបាននិទ្ទេសល្អ និង ៦រូប ទទួលបាននិទ្ទេសមធ្យម ។ លោកបានចាត់ទុកនេះគឺជាផ្លែផ្កា នៃធនធានគ្រូបង្វឹកប្រដាល់សកលកម្ពុជា ស្របតាមស្តង់ជាអន្តរជាតិ និងការអនុវត្តផ្ទាល់ ស្តីពីវិធីសាស្ត្រគ្រប់គ្រងអត្តពលិក បច្ចេកទេសនៃការបង្វឹកអត្តពលិក និងផ្តល់បទពិសោធន៍ ចិត្តសាស្ត្រ សម្រាប់អត្តពលិក ។
យ៉ាងណាមិញលោកក៏បានណែនាំដល់សិក្ខាកាម ក្រោយបញ្ចប់ការសិក្សា និងក្លាយជាគ្រូបង្វឹកពេញសិទ្ធ ត្រូវបន្ដខិតខំសិក្សាស្រាវជ្រាវ ហើយច្នៃប្រឌិតបន្ថែមលើមេរៀន ដែលទទួលបានពីគ្រូឧទ្ទេស ដើម្បីឆ្លើយតបនឹងការវិវឌ្ឍន៍រីកចម្រើននៃវិស័យកីឡាទំនើប ក៏ដូចជាធានាបាននូវការរួមចំណែកបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍សមត្ថភាពកីឡាករ-កីឡាការិនីប្រដាល់សកលកម្ពុជា សម្រាប់ត្រៀមចូលរួមការប្រកួតលក្ខណៈជាតិ និងអន្ដរជាតិ ទៅថ្ងៃអនាគត។
ទន្ទឹមជាមួយគ្នា ក្នុងនាមគ្រូឧទ្ទេសលោក Russell Stutely ក៏បានទទូចឲ្យកីឡាករ-កីឡាការិនី រក្សាភាពជាអាជីពរបស់ខ្លួន និងខិតខំប្រឹងប្រែងហ្វឹកហាត់ជាមួយគ្រូបង្វឹក ហើយគ្រូបង្វឹកផ្ទាល់ ក៏ត្រូវយកនូវមេរៀន និងតិចនិចពីវគ្គបណ្ដុះបណ្ដាលនេះ ទៅបង្ហាត់បន្តដល់សិស្សរបស់ខ្លួនឲ្យមានប្រសិទ្ធភាពផងដែរ៕











