ក្រុមហ៊ុន YEO'S ប្រគល់ទឹកប្រាក់ ១០០លានរៀល ដល់សាលាអប់រំពិសេសនៃការលូតលាស់ តាមរយៈយុទ្ធនាការ « ១លានដប ដើម្បីកុមារអប់រំពិសេស»

21-12-2025 14:43

(ភ្នំពេញ)៖ ដើម្បីជាការចូលរួមចំណែកជួយដល់កុមារដែលមានបញ្ហាយឺតយ៉ាវក្នុងការលូតលាស់បញ្ហា ស្មារតី (អូទីស៊ឹម) ឱ្យទទួលបានការអប់រំមួយដែលមានប្រសិទ្ធភាព ក្រុមហ៊ុន YEO'S បានប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដែលទទួលបានតាមរយៈ «យុទ្ធនាការ១លានដប ដើម្បីកុមារអប់រំពិសេស» ជូនទៅដល់សាលាអប់រំពិសេសនៃការលូតលាស់សម្រាប់សាងអគារសិក្សាថ្មី ដើម្បីរួមចំណែកជួយដល់សិស្សានុសិស្សឱ្យបានរៀនសូត្រកាន់តែច្រើនបន្ថែមទៀត។

ពិធីប្រគល់ថវិការបស់ក្រុមហ៊ុន YEO'S ចំនួន ១០០លានរៀល ដល់សាលាអប់រំពិសេសនេះបានធ្វើឡើងនារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមានលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអបរំ យុវជន និងកីឡា និងលោកអភិបាល អូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងមានការចូលរួមពីអ្នកស្រី ហេង សុធារី នាយិការប្រតិបត្តិក្រុមហ៊ុន Yeo’s , លោកស្រី ភោគ ម៉ានី នាយិកាសាលាអប់រំពិសេសនៃការលូតលាស់ និងមានការចូលរួមពីសិស្សានុសិស្ស និងណាព្យាបាលសិស្សជាច្រើនទៀត។

លោកស្រី គឹម សេដ្ឋានី បានបញ្ជាក់ឱ្យដឹងថា ការចូលរួមចំណែកជួយពីក្រុមហ៊ុន YEO'S ដល់សាលាអប់រំពិសេសនៃការលូតលាស់នាពេលនេះ ជាការចូលរួមចំណែកដ៏សំខាន់ក្នុងការចូលរួមជួយដល់កុមារកម្ពុជា ជាពិសេសកុមារមានបញ្ហាយឺតយ៉ាវស្មារតី ( អូទីស៊ឹម) ឱ្យទទួលបានការអប់រំប្រកបដោយគុណភាព សមធម៍ និងបរិយាប័ណ្ណ, ទោះជាកុមារមានបញ្ហាយ៉ាងណាក៏ដោយ ក៏ត្រូវតែមានសិទ្ធទទួលបានការអប់រំដូចៗគ្នា។ ការអប់រំ ការបណ្តុះបណ្តាល ការជួយគាំទ្រទៅដល់ការអភិវឌ្ឍធន់ធានមនុស្ស គឺពិតជាសំខាន់ណាស់ ក្នុងការជួយឱ្យប្រទេសជាតិកាន់តែខ្លាំងខ្លាជាមុន។

នាឱកាសនោះដែរអ្នកស្រី ហេង សុធារី បានបញ្ជាក់ឱ្យដឹងថា ការប្រគល់ថវិកាចំនួន ១០០លានរៀល តាមរយៈយុទ្ធនាការ «យុទ្ធនាការ១លានដប ដើម្បីកុមារអប់រំពិសេស» គឺដើម្បីរួមចំណែកជួយដល់កុមារ ហើយយុទ្ធនាការនេះបានចាប់ផ្តើមទាំងពីខែ៩ ឆ្នាំ២០២៤មកម្លេះ ដោយតាមរយៈយុទ្ធនាការនេះ រាល់ការជាវទឹកផ្លែឈើ YEO'S ប្រភេទដបចំណុះ ៣៨០មីលីលីត្រ ចំនួនមួយដប ក្រុមហ៊ុនយ៉ូននឹងបរិច្ចាកថវិកាចំនួន ១០០រៀល ទៅកាន់ការសាងសង់អគារសិក្សាថ្មីរបស់សាលាអប់រំពិសេសនៃការលូតលាស់។

អ្នកស្រី ហេង សុធារី បានបន្ថែមថា ថ្ងៃនេះជាថ្ងៃប្រគល់ទឹកប្រាក់ជូនទៅកាន់សាលាអប់រំពិសេសនៃការលូតលាស់។ ក្រុមហ៊ុនយ៉ូស និងនៅតែបន្តយុទ្ធនាការ ១លានដបទៀត ជាមួយទឹកផលិតផលថ្មីរបស់ក្រុមហ៊ុនយ៉ូស គឺទឹកដោះគោជូរ (២ប្រភេទ) ។ រាល់ការជាវទឹកដោះគោះជូរយ៉ូស ២ប្រភេទនេះ ចំនួនមួយដប ក្រុមហ៊ុនយ៉ូស នឹងបរិច្ចាកថវិកាចំនួន ១០០រៀល ទៅកាន់សាលាដើម្បីសាងសង់ ហាងធ្វើនំប៉័ង ជូនសាលាអប់រំពិសេសនៃការលូតលាស់ ទឹកដោះគោះជូរ (២ប្រភេទ) គឺសម្រាប់កុមារអាចញុំបាន និងអត្ថប្រយោជន៍ដូចជា សម្បូរដោយប្រូតេអ៉ីន និងមានបន្ថែម Vitamin A និង Vitamin D ហើយមិនប្រើប្រាស់សារធាតុសារគុណភាព។

នាឱកាសនោះដែរលោកស្រី ភោគ ម៉ានី បានបញ្ជាក់ឱ្យដឹងថា សាលាអប់រំពិសេសនៃការលូតលាស់ បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ ហើយគិតមកដល់ឆ្នាំ២០២៥នេះ មានសិស្សចំនួន ៣៦៣នាក់ ក្នុងនោះមានស្រីចំនួន ៦៣នាក់ សាលាមួយនេះ គឺបានអនុញ្ញាតឱ្យតែសិស្ស អូទីស៊ឹម តែមួយមុខគត់បានចូលរៀន។ ក្នុងសាលារៀននេះមានកម្មវិធីឆុងកាហ្វេ ថ្នាក់របាំ ថ្នាក់គំនូរ និងថ្នាក់ ព្យាណូ ហើយក្នុងឆ្នាំ២០២៥ សាលានឹងបង្កើតថ្នាក់ធ្វើ នំ មួយទៀតផងដែរ។

លោកស្រី ភោគ ម៉ានី នាយិកាសាលាអប់រំពិសេសនៃការលូតលាស់ ក៏បានថ្លែងអរគុណដល់ ក្រុមហ៊ុន YEO'S ដែលបានប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល តាមរយៈ «យុទ្ធនាការ១លានដប ដើម្បីកុមារអប់រំពិសេស» ដើម្បីជួយដល់សាលាអប់រំពិសេស និងបានជួយដល់កុមារអូទីស៊ឹម ឱ្យបានបន្តការសិក្សាឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ៕