កំពង់ចាម គ្រងជើងឯក តែត្បូងឃ្មុំ ឈ្នះពានរង្វាន់ ៤ នៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត លើកទី១៩
22-12-2025 09:19
(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ខេត្ត) ឆ្នាំ២០២៥/២៦ បានរកឃើញក្រុមជើងឯកហើយ ដែលបានទៅក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ខណៈអតីតក្រុមជើងឯកឆ្នាំចាស់ សមាគមបាល់ទាត់ខេត្តត្បូងឃ្មុំ បានឈ្នះពានរង្វាន់លក្ខណៈក្រុម និងឯកត្ដជនចំនួន ៤ ច្រើនជាងគេ។
សម្រាប់ការគ្រងតំណែងជើងឯកជាថ្មី ក្រោយខកខាន ១រដូវកាល របស់ក្រុមតំណាងខេត្តកំពង់ចាម គឺបន្ទាប់ពីយកឈ្នះក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ដោយលទ្ធផល ២-១ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២១ ខែធ្នូកន្លងទៅ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។ ២គ្រាប់ របស់កំពង់ចាម រកបានដោយស៊ុតពីចម្ងាយទាំង ២គ្រាប់ដោយកីឡាករ ហ្វរស៊ី ហ្វីឌុស នៅនាទី២៤ និងនាទី៤៥+៦ ក្រោយពីកីឡាករ Bruno រកបាន ១គ្រាប់ឲ្យក្រុមតំណាងខេត្តសៀមរាប នៅនាទី៤៥+១។
បន្ទាប់មកក្រុមទាំងពីរ បានបន្ដការវាយសម្រុកគ្នាកាន់តែខ្លាំងនៅវគ្គទី២ ពិសេសក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ដែលត្រូវគូប្រជែងនាំមុខ តែពួកគេមិនអាចរកគ្រាប់បាល់បន្ថែមបានឡើយ បើទោះបីក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម សល់សមាជិកត្រឹម ១០នាក់លើទីលាន បន្ទាប់ពីកីឡាករ សុក្រី អ៊ីសាន រងការពិន័យកាតលឿងទី២ ស្មើនឹងកាតក្រហម តាំងពីនាទី៥៤ ក៏ដោយ។
ជ័យជម្នះនេះ បានធ្វើឲ្យក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ក្លាយជាម្ចាស់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន - ថ្នាក់ខេត្ត ឆ្នាំ២០២៥/២៦ អមជាមួយពាន មេដាយមាស និងប្រាក់រង្វាន់ ២០លានរៀល។ បន្ថែមលើនេះ ពួកគេក៏បានឈ្នះពានឯកត្ដជនចំនួន ២ ដែរ គឺពានរង្វាន់គ្រូបង្វឹកល្អជាងគេ បានទៅលោក ចាប សុផល និងពានរង្វាន់អ្នកចាំទីល្អជាងគេ បានទៅកីឡាករ ទិត ហាំណាវៃ អមប្រាក់រង្វាន់ ២លានរៀលស្មើគ្នា គ្រាដែលក្រុមឡាយអ៊ិនឃីងខេត្ដសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ២ (មេដាយប្រាក់) អមប្រាក់រង្វាន់ ១០លានរៀល។
ចំណែកក្រុមសមាគមបាល់ទាត់ខេត្តត្បូងឃ្មុំ គឺបានទទួលចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុមភ្នំពេញហ្គាឡាក់ស៊ី ៦-១ ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមជើងឯកឆ្នាំចាស់ ទទួលបានមេដាយសំរឹទ្ធ អមប្រាក់រង្វាន់ ៨លានរៀល។ លើសពីនេះ ក្រុមតំណាងខេត្តត្បូងឃ្មុំនេះ ក៏បានទទួលពានរង្វាន់ ៣ផ្សេងទៀត រួមមានពានរង្វាន់ក្រុមលេងយុត្ដិធម៌ជាងគេ (Fair-Play) អមប្រាក់រង្វាន់ ៤លានរៀល ព្រមទាំងពានរង្វាន់កីឡាករល្អជាងគេ និងពានរង្វាន់កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ដែលបានទៅកីឡាករ សារី តៃម៉ូ ទាំងពីរ អមជាមួយប្រាក់រង្វាន់សរុប ៤លានរៀលផងដែរ៕








