ការកែទម្រង់ថាមពលរបស់ចិន និងការកសាង Data Centre ពិភពលោក ជំរុញឲ្យវិស័យថ្មអគ្គិសនីរីកចម្រើន
22-12-2025 09:48
(បរទេស)៖ ការកែទម្រង់ប្រព័ន្ធថាមពលអគ្គិសនីរបស់ប្រទេសចិន រួមជាមួយនឹងការកសាងមជ្ឈមណ្ឌលទិន្នន័យ (Data Centre) ទូទាំងពិភពលោក កំពុងជំរុញឲ្យមានការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការថ្មអគ្គិសនី (Battery) ជាពិសេសថ្មសម្រាប់ប្រព័ន្ធផ្ទុកថាមពល និងការគាំទ្របណ្ដាញអគ្គិសនី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។
តាមការរាយការណ៍ ប្រទេសចិនបានអនុវត្តការកែទម្រង់ទីផ្សារអគ្គិសនី ដោយបម្លែងពីតម្លៃថេរ ទៅរកប្រព័ន្ធតម្លៃតាមទីផ្សារ និងការដេញថ្លៃថាមពល ដែលធ្វើឲ្យគម្រោងផ្ទុកថាមពលថ្មអគ្គិសនី មានភាពចំណេញ និងទាក់ទាញវិនិយោគកាន់តែខ្លាំង។ ជាមួយគ្នានេះ ការកើនឡើងនៃ មជ្ឈមណ្ឌលទិន្នន័យ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានបង្កើនតម្រូវការថាមពលយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ ថ្មអគ្គិសនី ត្រូវបានប្រើដើម្បីផ្គត់ផ្គង់ថាមពលបម្រុង និងធានាស្ថិរភាពបណ្ដាញអគ្គិសនី ក្នុងករណីមានការរំខាន ឬការប្រែប្រួលថាមពលពីពន្លឺព្រះអាទិត្យ និងខ្យល់។
អ្នកវិភាគឧស្សាហកម្មបញ្ជាក់ថា ក្រុមហ៊ុនចិនរំពឹងថា នឹងបង្កើនការនាំចេញថ្មអគ្គិសនីសម្រាប់ប្រព័ន្ធផ្ទុកថាមពលប្រមាណ ៧៥ភាគរយ ក្នុងឆ្នាំនេះ ខណៈតម្លៃនាំចេញថ្មអគ្គិសនី និងថ្មសម្រាប់យានយន្តអគ្គិសនី បានឈានដល់រាប់សិបពាន់លានដុល្លារ រួចហើយ។ បច្ចុប្បន្ន ប្រទេសចិនកាន់កាប់ប្រហែល ៤០ភាគរយនៃសមត្ថភាពផ្ទុកថាមពលដោយថ្មអគ្គិសនីនៅទូទាំងពិភពលោក និងក្លាយជាមជ្ឈមណ្ឌលសំខាន់បំផុតមួយនៃឧស្សាហកម្មថ្មអគ្គិសនីសកល។ ក្រុមហ៊ុនធំៗដូចជា CATL, BYD និង EVE Energy កំពុងបង្កើនសមត្ថភាពផលិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងពីទីផ្សារអន្តរជាតិ។
អ្នកជំនាញ មើលឃើញថា ការរីកចម្រើននេះ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះ ការផ្លាស់ប្តូរទៅថាមពលស្អាត, ការគាំទ្របច្ចេកវិទ្យា AI និងការរក្សាស្ថិរភាពបណ្ដាញអគ្គិសនីនៅអនាគត៕









