លោក វ៉ាត់ ចំរើន ដឹកនាំក្រុមកីឡាការ៉ាតេ គោរពវិញ្ញាណក្ខណ្ធ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារវីរៈកងទ័ព ប៊ុង តុងធៀន
22-12-2025 11:12
(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ បានដឹកនាំមន្ដ្រី និងកីឡាករ-កីឡាការិនីមួយចំនួន ចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ព ប៊ុង តុងធៀន ដែលជាកីឡាករការ៉ាតេឆ្នើមកម្ពុជាមួយរូប ដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដីពីការឈ្លានពានរបស់យោធាថៃ។
ក្នុងវេលាប្រកបដោយសមានទុក្ខនោះ ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ លោកបានពាំនាំនូវលិខិត និងប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីលោកឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រួមជាមួយថវិកាចំនួន ១០លានរៀល ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។
គួរដឹងថា ក្រៅពីវីរៈកងទ័ពដ៏អង់អាចក្លាហាន មុនពលីក្នុងសមរភូមិ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិកម្ពុជា វីរយុទ្ធជន ប៊ុង តុងធៀន ក៏ជាកីឡាករការ៉ាតេដ៏មានសមត្ថភាពមួយរូបផងដែរ ក្រោយហ្វឹកហាត់នៅមណ្ឌលកីឡាគុនការ៉ាតេ បាត់ដំបង តាំងពីឆ្នាំ២០១៥ រូបគេធ្លាប់បានចូលរួមការប្រកួតថ្នាក់ជាតិ និងឈ្នះមេដាយជាច្រើន ក្នុងនោះជើងឯកថ្នាក់ជាតិ តុងធៀន ធ្លាប់ឈ្នះមេដាយមាស ២ ប្រាក់ ៣ និងសំរឹទ្ធ ៤ និងធ្លាប់ឈ្នះមេដាយប្រាក់ កីឡាសិស្សមធ្យមសិក្សាទៀតផង៕






