តាក់ស៊ីគ្មានមនុស្សបើក Waymo គាំងចរាចរណ៍ពេញក្រុង San Francisco ក្រោយដាច់ភ្លើង ខណៈ Elon Musk អួតថា Tesla មិនអី តែការពិតមិនដូចការគិត!

22-12-2025 11:45

(បរទេស)៖ សេវាកម្មរថយន្តតាក់ស៊ីស្វ័យប្រវត្តិ Waymo បានក្លាយជាចំណុចកណ្តាលនៃវីដេអូបង្អួតគ្នានៅលើបណ្តាញសង្គម បន្ទាប់ពីការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំក្នុងទីក្រុង San Francisco បានធ្វើឱ្យរថយន្តឆ្លាតវៃទាំងនេះជាច្រើនគ្រឿង គាំងជាប់នៅកណ្តាលផ្លូវបំបែក បង្កជាការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ មូលហេតុចម្បង គឺដោយសារភ្លើងសញ្ញាចរាចរណ៍លែងដំណើរការ ធ្វើឱ្យប្រព័ន្ធ AI របស់ Waymo មិនហ៊ានសម្រេចចិត្តទៅមុខ ព្រោះត្រូវបានកំណត់ឱ្យផ្តល់អាទិភាពខ្ពស់បំផុតលើ «សុវត្ថិភាព»។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

លោកស្រី Suzanne Philion អ្នកនាំពាក្យ Waymo បានប្រាប់ CNBC ថា៖ «ការដាច់ចរន្តអគ្គិសនីនេះ គឺជាព្រឹត្តិការណ៍ដ៏ធំដែលបង្កឱ្យមានការកកស្ទះពេញទីក្រុង... រថយន្តយើងបានឈប់យូរជាងធម្មតា ដើម្បីបញ្ជាក់ពីសុវត្ថិភាពនៅតាមផ្លូវបំបែក»។ ភាពមិនច្បាស់លាស់នៃបច្ចេកវិទ្យាក្នុងស្ថានភាពអាសន្ននេះ បានបង្ខំឱ្យក្រុមហ៊ុនសម្រេចចិត្តផ្អាកសេវាកម្មជាបណ្តោះអាសន្នភ្លាមៗ ដើម្បីជៀសវាងគ្រោះថ្នាក់។

ស្របពេលមានភាពវឹកវរនេះ មហាសេដ្ឋី Elon Musk ម្ចាស់ក្រុមហ៊ុន Tesla បានឆ្លៀតឱកាសបង្ហោះសារផ្ចាញ់ផ្ចាលលើបណ្តាញសង្គម X ថា៖ «Tesla Robotaxis មិនរងផលប៉ះពាល់អ្វីឡើយ»។ ទោះជាយ៉ាងណា ការអួតនេះត្រូវបានអ្នកជំនាញកត់សម្គាល់ថាមានភាពខុសគ្នាពីការពិត ព្រោះរថយន្ត Tesla បច្ចុប្បន្ន «មិនទាន់មានសេវាកម្មអត់មនុស្សបើកពិតប្រាកដ» ដូច Waymo ឡើយ ពោលគឺរាល់រថយន្ត Tesla ទាំងអស់ដែលកំពុងរត់ គឺសុទ្ធតែមានមនុស្សអង្គុយនៅពីក្រោយចង្កូតចាំជួយបញ្ជា (Supervised) ជានិច្ច ដូច្នេះហើយទើបវាមិនជួបបញ្ហាជាប់គាំងដូច Waymo ដែលជារថយន្តទទេស្អាត។

ជុំវិញរឿងនេះ លោក Bryan Reimer អ្នកស្រាវជ្រាវពីវិទ្យាស្ថាន MIT បានរិះគន់ថា ព្រឹត្តិការណ៍នេះគឺជាមេរៀនដ៏ធំមួយដែលបង្ហាញថា AI មិនទាន់រឹងមាំ ១០០% សម្រាប់ស្ថានភាពអាសន្នឡើយ។ លោកបានសង្កត់ធ្ងន់ថា៖ «យើងនៅតែត្រូវការការលាយបញ្ចូលគ្នារវាងបញ្ញាមនុស្ស និងម៉ាស៊ីន... ហើយត្រូវតែមានមនុស្សចាំត្រួតពិនិត្យជានិច្ច»។ បច្ចុប្បន្ន ក្រោយស្ថានភាពអគ្គិសនីវិលត្រលប់មកធម្មតាវិញ Waymo ក៏បានចាប់ផ្តើមដំណើរការសេវាកម្មរបស់ខ្លួនឡើងវិញផងដែរ៕