តង់កម្ពុជាជម្រកនៃក្តីសង្ឃឹម! «CAMBODIA BEER» រៀបចំឧបត្ថម្ភតង់ចំនួន ៥,០០០តង់ ត្រៀមជូនបងប្អូនជនភៀសសឹក

22-12-2025 12:53

(ភ្នំពេញ)៖ ស្មារតីរួបរួមគ្នា កម្ពុជាដើម្បីកម្ពុជា! ក្រោយប្រកាសឧបត្ថម្ភ និងនាំយកអង្កររាប់រយតោន ទឹកពិសា និងភេសជ្ជៈរាប់ម៉ឺនកេសជូនជនភៀសសឹកជាច្រើនទីតាំងដោយផ្ទាល់, ពេលនេះ CAMBODIA BEER របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសឧបត្ថម្ភ ៥,០០០តង់ ដើម្បីចែកជូនបងប្អូនជនភៀសសឹក ដែលកំពុងខ្វះខាតជម្រករស់នៅបណ្តោះអាសន្នជាច្រើន។

ចាប់តាំងពីមានការផ្ទុះសង្រ្គាមឡើងមក CAMBODIA BEER របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង បានរៀបចំឧបត្ថម្ភទឹកពិសា និងភេសជ្ជៈរាប់ម៉ឺនកេសដល់បងប្អូនជនភៀសសឹក នៅតាមតំបន់ទីទួលសុវត្ថិភាពគ្រប់កន្លែងដោយផ្ទាល់ ក្រោមវត្តមានថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានលោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ជាដើម។

ជាខ្មែរតែមួយ មើលឃើញស្ថានភាពលំបាករបស់បងប្អូនខ្មែរផ្ទាល់ភ្នែក CAMBODIA BEER របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសឧបត្ថម្ភ ៥,០០០ តង់ភ្លាមៗ ដែលពេលនេះ កំពុងរៀបចំត្រៀមដឹកទៅចែកជូនបងប្អូនជនភៀសសឹក នៅតាមតំបន់សុវត្ថិភាពនានា។

កន្លងមក ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្តឧបត្ថម្ភជាហូហែទៅដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក រួមមានថវិកាសរុបរហូតដល់ទៅ ៦លានដុល្លារ អង្កររាប់រយតោន ទឹកពិសា និងភេសជ្ជៈរាប់ម៉ឺនកេស ព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់កងទ័ព ទៅដល់វីរៈកងទ័ពជួរមុខ និងប្រជាជនភៀសសឹកតាមតំបន់។

ស្មារតីរួបរួមគ្នា កម្ពុជាដើម្បីកម្ពុជា!៕