«OCIC» សហការជាមួយ «ezesoft» ដាក់ឱ្យប្រើប្រាស់សេវា «WiFi» សាធារណៈនៅក្នុងទីក្រុងកោះនរា រាជធានីភ្នំពេញ
22-12-2025 14:37
(ភ្នំពេញ)៖ OCIC គឺជាសម្ព័ន្ធសហគ្រាស និងជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខនៅប្រទេសកម្ពុជា និង ezesoft ផ្គត់ផ្គង់ និងដោះស្រាយសេវាឌីជីថលនៅកម្ពុជា ដែលជាផ្នែកមួយនៃរចនាសម្ព័ន្ធឌីជីថល ទំនាក់ទំនង និងបច្ចេកវិទ្យា (DCT) របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបបានប្រកាសពីដៃគូយុទ្ធសាស្ត្រ ដើម្បីដាក់ឱ្យប្រើប្រាស់ WiFiX ដែលជាសេវា WiFi សាធារណៈនៅទីក្រុងនរា ដោយផ្ដល់ជូនការប្រើប្រាស់អ៊ីនធឺណិតដោយឥតគិតថ្លៃ មានសុវត្ថិភាព និងដំណើរការពេញ ២៤ម៉ោង។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោក Luis Chen អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន OCIC និងលោក Yap Kok Leong អគ្គនាយកប្រតិបត្តិរចនាសម្ព័ន្ធ DCT របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន ezesoft។
WiFiX គឺជាសេវាកម្មឌីជីថលថ្មីមួយ សម្រាប់ប្រើប្រាស់អ៊ីនធឺណិតក្នុងការទំនាក់ទំនងគ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយជាជំនួយដល់ការសិក្សា គំនិតច្នៃប្រឌិតថ្មី អាជីវកម្មប្រចាំថ្ងៃ។ សេវាកម្មថ្មីនេះនឹងពង្រីកការភ្ជាប់ទំនាក់ទំនងនៅទីសាធារណៈឱ្យកាន់តែប្រសើរ និងងាយស្រួលជាងមុនដោយមិនចាំបាច់បង់ប្រាក់។
ទីក្រុងនរា គឺជាទីក្រុងដែលមានការអភិវឌ្ឍចម្រុះរួមមានលំនៅឋាន តំបន់ពាណិជ្ជកម្ម កន្លែងកម្សាន្ត និងទីធ្លាសាធារណៈ។ ក្នុងនោះផងដែរ គោលដៅសំខាន់ៗដែលភ្ញៀវតែងតែអញ្ជើញមកលេងកម្សាន្ត នៅទីក្រុងនរារួមមាន Norea Parkway, Riverlight និង សួន Coconut Park កោះនរាជាដើម ដោយស្វាគមន៍ភ្ញៀវចន្លោះពី ៤,០០០ទៅ ៧,០០០នាក់នៅថ្ងៃធម្មតា និងកើនដល់ចន្លោះ ៨,០០០ទៅ ១៥,០០០នាក់នៅចុងសប្ដាហ៍។ ចំពោះថ្ងៃឈប់សម្រាក និងពិធីបុណ្យធំៗវិញ គោលដៅសំខាន់ទាំងនេះអាចនឹងទទួលបានភ្ញៀវចាប់ពី ១០,០០០ទៅ ៣០,០០០នាក់ ដោយ WiFiX នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់ជូនការភ្ជាប់ទំនាក់ទំនងប្រកបដោយទំនុកចិត្ត និងកាន់តែទូលំទូលាយសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ នៅទីតាំងទីក្រុងនរាផងដែរ។
លោក Luis Chen អនុប្រធានប្រតិបត្តិក្រុមហ៊ុន OCIC មានប្រសាសន៍ថា «ការចាប់ដៃគូសហការរវាងក្រុមហ៊ុន OCIC និងក្រុមហ៊ុន ezesoft គឺជាជំហានដ៏សំខាន់មួយក្នុងការកែប្រែទីក្រុងនរា ទៅជាទីក្រុងឌីជីថលថ្មីមួយ។ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងផែនការសម្រាប់ការអភិវឌ្ឍប្រព័ន្ធ 5G នាពេលអនាគតនេះ ពួកយើងកំពុងកសាងមូលដ្ឋានគ្រឹះប្រកបដោយចីរភាព ពង្រឹងទំនុកចិត្តវិនិយោគិន និងពង្រីកសក្ដានុពលនៃឯករាជ្យឌីជីថលដ៏ពិតប្រាកដ»។
ភាពជាដៃគូក្រោមប្រធានបទ «កាន់តែប្រសើរជាមួយគ្នា (Better Together)» នេះ បានធ្វើឱ្យក្រុមហ៊ុនកូនខ្មែរចំនួនពីរសហការគ្នា លើគំនិតផ្ដួចផ្ដើមឌីជីថលជាក់លាក់មួយ សម្រាប់បម្រើជាប្រយោជន៍សាធារណៈទាំងមូល។ WiFiX បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមគ្នា ដើម្បីកែលម្អលើការតភ្ជាប់ និងទំនាក់ទំនងប្រចាំថ្ងៃឱ្យកាន់តែប្រសើរ ស្របពេលដែលប្រទេសកម្ពុជាកំពុងផ្លាស់ប្ដូរមុខមាត់ថ្មីតាមរយៈប្រព័ន្ធឌីជីថល។
លោក Yap Kok Leong អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ezesoft ក៏មានប្រសាសន៍ដែរថា «ឯករាជ្យឌីជីថលដ៏ពិតប្រាកដមួយ ត្រូវបានបង្កើតឡើងដោយហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំមួយដូចគ្នា។ ការដាក់ឱ្យដំណើរការ WiFiX ក្នុងស្ថានភាពដ៏លំបាកមួយនេះក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា ដំណើរឌីជីថលរបស់កម្ពុជាគឺមិនអាចបញ្ឈប់បានឡើយ។ ពួកយើងមកទីនេះរួមគ្នាជាមួយក្រុមហ៊ុន OCIC ដើម្បីផ្ដល់ជូនការតភ្ជាប់ទំនាក់ទំនងដែលមានល្បឿនលឿន រវាងគ្នានឹងគ្នាសម្រាប់ប្រជាជនកម្ពុជា»។
ការដាក់ឱ្យប្រើប្រាស់ WiFiX នឹងពង្រឹងសុវត្ថិភាព និងផ្ដល់ភាពងាយស្រួលនៅទីធ្លាសាធារណៈ ព្រមទាំងពង្រីកសក្ដានុពលបន្ថែមទៀត នៅទីក្រុងនរាក្លាយជាទីក្រុងដ៏សកម្មសម្រាប់ពាណិជ្ជកម្ម ការរស់នៅ និងការប្រើប្រាស់របស់សហគមន៍ទាំងមូលជារៀងរាល់ថ្ងៃ។
សូមបញ្ជាក់ថា ezesoft គឺជាក្រុមហ៊ុនដែលផ្ដល់ដំណោះស្រាយប្រព័ន្ធឌីជីថល ដល់សហគ្រាស និងស្ថាប័នរដ្ឋ ដើម្បីជំរុញការផ្លាស់ប្ដូរឌីជីថលប្រកបដោយចីរភាព។ ezesoft ផ្ដល់សេវាកម្មដែលផ្ដល់ដំណោះស្រាយ ទៅលើសុវត្ថិភាពផ្នែកបច្ចេកវិទ្យា ការរួមបញ្ចូលប្រព័ន្ធ និងការគ្រប់គ្រងលើសេវាផ្សេងៗប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព៕




