ប៉េង «ហួត គ្រុប» ឧបត្ថម្ភថវិកា ១៥ម៉ឺនដុល្លារ សម្រាប់កម្មវិធីរត់សប្បុរសធម៌ «៣០០០ជំហានដើម្បីមូលនិធិគន្ធបុប្ផា»

22-12-2025 15:35

(ភ្នំពេញ)៖ ប៉េង ហួត គ្រុប ឧបត្ថម្ភថវិកាចំនួន ១៥០,០០០ ម៉ឺនដុល្លារ (ដប់ប្រាំម៉ឺនដុល្លារ) សម្រាប់កម្មវិធីរត់សប្បុរសធម៌ «៣០០០ជំហានដើម្បីមូលនិធិគន្ធបុប្ផា» ក្រោមការរៀបចំដោយ ប៉េង ហួត គ្រុប និងសហសការដោយមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅទីតាំងផ្លូវរត់ម៉ារាតុងនិងជិះកង់ អេកូ ខូលិកសិន បុរី ប៉េង ហួត (បឹងស្នោ)។ នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌មួយនេះ ក្រុមហ៊ុន ប៉េង ហួត ផ្ទាល់ រួមទាំងសហការី អ្នករស់នៅក្នុងបុរី ប៉េង ហួត ដៃគូសហការ និងបងប្អូនសប្បុរសជនមកពីតំបន់ផ្សេងៗ បានរួមចំណែកបរិច្ចាគថវិកាសរុប ១៥,៥១១,០៩៨លានរៀល និង១៥៩,៤៥៦.០៦ ដុល្លារសហរដ្ឋអាមេរិក។

កម្មវិធីនេះមានគោលបំណងក្នុងការចូលរួម លើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសនោះគឺសុខុមាលភាពរបស់កុមារទូទាំងប្រទេស ដែលត្រូវការការមើលថែទាំ និងព្យាបាលជាចាំបាច់។ យោងតាមរបាយការណ៍ពីមន្ទីរពេទ្យគន្ធបុប្ផា ដែលបញ្ជាក់មកថា ក្នុងឆ្នាំ២០២៥ នេះ ក្នុងចំណោមកុមារប្រមាណ ១លាននាក់ ដែលទទួលការសង្គ្រោះ និងព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផា មានប្រមាណ ១ពាន់នាក់ ដែលជាកុមារជនភៀសសឹក នៅតាមតំបន់គ្រោះថ្នាក់នានា។

ថ្លែងក្នុងកម្មវិធីនេះ លោកស្រី ហុង ដានី អគ្គនាយិកាបុរី ប៉េង ហួត បានលើកឡើង «ក្រៅពីការចូលរួមជាមួយមន្ទីរពេទ្យក្នុងឱកាសនេះ ក្រុមហ៊ុន និងសហគមន៍ ប៉េង ហួត គ្រុប ទាំងមូលបានចូលរួមចំណែក ក្នុងការបរិច្ចាគទឹកប្រាក់សរុបក្នុងឆ្នាំនេះ ចំនួន ៣លានដុល្លារអាមេរិក ដល់វីរកងទ័ព និងបងប្អូនជនភៀសសឹក ការផ្ដល់ទីតាំងរៀបចំប្រមូលជំនួយ និងការរួមចំណែកជាច្រើនទៀតជាមួយសហគមន៍យើងផ្ទាល់ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីដល់ វីរភាពដ៏អង់អាចរបស់ កងទ័ពជួរមុខទាំងអស់ និងជួយសម្រួលការលំបាករបស់បងប្អូនជនភៀសសឹករាប់ម៉ឺនគ្រួសារ»

គួររំឭកថា នេះគឺជាលើកទី៩ ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកាប្រចាំឆ្នាំ និងសហការរៀបចំកម្មវិធីមនុស្សធម៌ផ្សេងៗ ទៅកាន់សប្បុរសជនទូទាំងប្រទេស ដើម្បីនិរន្តភាពនៃបេសកម្មមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ក្នុងការជួយសង្រ្គោះកុមារកម្ពុជាប្រមាណ ១លានករណីក្នុងមួយឆ្នាំៗ៕