ធនាគារ វីង, ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ នាំយកអំណោយសប្បុរសធម៌ចំនួន ១១រថយន្ត ចែកជូនដល់ជនភៀសសឹក

22-12-2025 15:53

(ភ្នំពេញ)៖ មូលនិធិទ្រទ្រង់ជនភៀសសឹក អំពាវនាវដល់សាធារណជនឱ្យបន្តចូលរួមបរិច្ចាគ ដើម្បីជួយសង្គ្រោះដល់គ្រួសាររាប់ពាន់ ដែលកំពុងត្រូវការជំនួយជាបន្ទាន់ នៅតាមតំបន់ព្រំដែន។

ក្បួនរថយន្តដឹកជំនួយចំនួន ១១គ្រឿង ផ្ទុកដោយស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ បានចេញដំណើរពីអគារធនាគារវីងថៅវើ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ដើម្បីនាំយកអំណោយសប្បុរសធម៌ ជូនដល់គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ។

រថយន្តទាំងនេះមានផ្ទុកនូវអង្ករចំនួន ៣០តោន មីចំនួន ២.០០០កេស ព្រមទាំងកញ្ចប់ចំនួន ៣.០០០ ដោយកញ្ចប់នីមួយៗមាននូវមុង, ភួយ, កន្ទេល, ក្រមា និងសារ៉ុង ហើយបន្ថែមពីនេះក៏មាននូវរបស់របរប្រើប្រាស់ ចាំបាច់ផ្សេងៗទៀតសម្រាប់តម្រូវការប្រចាំថ្ងៃ។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានមានប្រសាសន៍ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជននានា ដែលបានបង្ហាញនូវក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ ដល់ប្រជាជនដែលកំពុងខ្វះខាត។ រាល់ការចូលរួមបរិច្ចាគ មិនថាស្ថិតក្នុងរូបភាពណាក៏ដោយ គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ក្រុមគ្រួសារដែលកំពុងភៀសសឹក។ យើងប្រឹងប្រែងដើម្បីខ្មែរ យើងមិនបោះបង់ចោលគ្នានោះឡើយ»

គំនិតផ្ដួចផ្ដើមនេះ ត្រូវបានដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បុគ្គលិកនៃធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ព្រមទាំងសមាជិកនៃសមាគមសិល្បករខ្មែរ បានរួមគ្នាយ៉ាងសកម្មក្នុងការកៀរគរថវិកា និងរៀបចំជំនួយសប្បុរសធម៌ដាក់ក្នុងរថយន្ត ដើម្បីធានានូវការដឹកជញ្ជូនឱ្យបានទាន់ពេលវេលា ដល់ដៃប្រជាជនដែលកំពុងខ្វះខាត។ ទន្ទឹមនឹងនេះ បុគ្គលិកធនាគារ វីង ក៏បានបង្ហាញនូវស្មារតីសាមគ្គីភាពយ៉ាងមោះមុត តាមរយៈការបរិច្ចាគប្រាក់បៀវត្សរ៍ចំនួន ៥% ដែលនេះគឺជាការរួមចំណែកលើកទី៣ បន្ទាប់ពីជម្លោះព្រំដែនបានផ្ទុះឡើង​ នៅពាក់កណ្ដាលឆ្នាំ២០២៥។ ការបរិច្ចាគប្រាក់បៀវត្សរ៍លើកទី១ ត្រូវបានធ្វើឡើងកាលពីខែមិថុនា ហើយការបរិច្ចាគប្រាក់បៀវត្សរ៍លើកទី២ ត្រូវបានធ្វើឡើងក្នុងខែសីហា។

ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ព្រមទាំងសមាគមសិល្បករខ្មែរ នឹងបន្តចែកជូននូវជំនួយសប្បុរសធម៌របស់ខ្លួនបន្ថែមទៀត នាពេលឆាប់ៗនេះ។ ទន្ទឹមនឹងនេះ មូលនិធិទ្រទ្រង់ជនភៀសសឹក នៅតែបន្តទទួលរាល់ការបរិច្ចាគ ពីសប្បុរសជនគ្រប់ទិសទី ដើម្បីរួមគ្នាគាំទ្រដល់គ្រួសារជនភៀសសឹកនៅតាមបណ្ដោយព្រំដែន។ សប្បុរសជនអាចចូលរួមបរិច្ចាគបាន នូវស្តង់ទទួលជំនួយក្បែរផ្សារបាយ័ន (ខាងលិចផ្សារធំថ្មី) នៅការិយាល័យកណ្ដាលក្រុមហ៊ុនសែលកាត (Cellcard) ឬតាមរយៈការស្កេន QR Code ពីគ្រប់អេបធនាគារទាំងអស់៕