អ៉ីតាលី ពិន័យ Apple ជាង ១១៥លានដុល្លារ ពីបទរំលោភអំណាចទីផ្សារ

22-12-2025 16:02

(បរទេស)៖ អាជ្ញាធរប្រកួតប្រជែងរបស់ប្រទេសអ៊ីតាលី បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនបានពិន័យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple នូវទឹកប្រាក់ប្រហែល ១១៥.៥៣លានដុល្លារ ជុំវិញការចោទប្រកាន់ថា បានបំពានលើទីតាំងលេចធ្លោសម្រាប់ការចែកចាយកម្មវិធីទូរស័ព្ទ របស់អ្នកប្រើប្រាស់ iOS ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

អាជ្ញាធរបានឲ្យដឹងថា App Store គឺជាទីផ្សារផ្លូវការតែមួយគត់សម្រាប់កម្មវិធីនៅលើប្រព័ន្ធ iOS ក្នុងប្រទេសអ៉ីតាលី ដែលធ្វើឲ្យ Apple មានអំណាចលើសលប់ក្នុងការចែកចាយកម្មវិធីទូរស័ព្ទ។ ការគ្រប់គ្រងនេះ ត្រូវបានចោទថា បានប្រើប្រាស់ក្នុងលក្ខណៈបង្ខិតបង្ខំ និងរារាំងការប្រកួតប្រជែង ដោយធ្វើឲ្យអ្នកអភិវឌ្ឍកម្មវិធីភាគីទីបីរងផលប៉ះពាល់។ ក្រោមច្បាប់ប្រឆាំងការរើសអើង របស់សហភាពអឺរ៉ុប ក្រុមហ៊ុនដែលកាន់កាប់អំណាចទីផ្សារលេចធ្លោ មិនត្រូវបានអនុញ្ញាតឲ្យដាក់លក្ខខណ្ឌមិនយុត្តិធម៌ ឬប្រើអំណាចរបស់ខ្លួន ដើម្បីអនុគ្រោះសេវាកម្មរបស់ខ្លួនឯង ជាងសេវាកម្មរបស់អ្នកដទៃឡើយ។ អាជ្ញាធរអ៊ីតាលីបានអះអាងថា Apple បានរំលោភលើគោលការណ៍ទាំងនេះ។

ករណីនេះ បន្ថែមលើសម្ពាធរបស់និយតកម្មដែល Apple កំពុងប្រឈមមុខនៅទ្វីបអឺរ៉ុប ជាពិសេសចំពោះគោលនយោបាយ App Store។ កន្លងមក គណៈកម្មការអឺរ៉ុបក៏បានពិន័យ Apple ជាទឹកប្រាក់រាប់ពាន់លានអឺរ៉ូផងដែរ ពាក់ព័ន្ធនឹងការរឹតត្បិតលើកម្មវិធីស្ទ្រីមតន្ត្រី។

យ៉ាងណាមិញ ជុំវិញព័ត៌មាននេះ Apple មិនទាន់មានការឆ្លើយតបជាផ្លូវការទេ ខណៈក្រុមហ៊ុនតែងតែអះអាងថា គោលនយោបាយ App Store មានគោលបំណងការពារសុវត្ថិភាព និងឯកជនភាពអ្នកប្រើប្រាស់៕