អ្នកប្រើបង្គន់សាធារណៈនៅចិន ត្រូវទស្សនាវីដេអូផ្សាយពាណិជ្ជកម្មជាមុន ទើបទទួលបានក្រដាស់អនាម័យ

23-12-2025 08:10

(បរទេស)៖ បង្គន់សាធារណៈនៅប្រទេសចិន ត្រូវបានរាយការណ៍មកថាកំពុងអនុវត្តវិធីសាស្ត្រមួយ ដែលមើលទៅចម្លែកមែនទែន ដោយហាក់បង្ខំឲ្យអ្នកប្រើប្រាស់បង្គន់ ត្រូវទស្សនាវីដេអូនៃការផ្សាយពាណិជ្ជកម្មជាមុន ទើបទទួលបានក្រដាសអនាម័យ។ គំនិតនេះ បានបង្កឲ្យមានទាំងការសើចចំអក និងការរិះគន់ ខណៈការធ្វើបែបនេះ ក៏កំពុងពង្រីកការប្រើប្រាស់នៅតាមតំបន់ទីក្រុងមានមនុស្សច្រើនផងដែរ។

ការអនុវត្តន៍វិធីបែបនេះ គឺប្រើប្រាស់អេក្រង់តូចៗ និងឧបករណ៍ចាប់សញ្ញាចលនា ដែលដំឡើងនៅក្នុងបង្គន់។ អ្នកប្រើប្រាស់ត្រូវឈរនៅមុខអេក្រង់ ហើយមើលវីដេអូពាណិជ្ជកម្មរយៈពេលខ្លី មុនពេលម៉ាស៊ីនបញ្ចេញក្រដាសអនាម័យសម្រាប់ប្រើប្រាស់។ ខុសពីម៉ាស៊ីនបែបប្រពៃណី ប្រព័ន្ធនេះមានគោលបំណងកាត់បន្ថយការខ្ជះខ្ជាយក្រដាស ព្រមទាំងជួយរកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ជាពិេសសកាត់បន្ថយការចំណាយប្រាក់លើការសម្អាត និងថែទាំបង្គន់។

អ្នកមានមតិគាំទ្រ យល់ថាវិធីសាស្ត្រនេះពិតជាអាចដោះស្រាយបញ្ហាប្រាកដមែន។ នៅក្នុងទីក្រុងដែលមានប្រជាជនច្រើន បង្គន់សាធារណៈជាញឹកញាប់ប្រឈមមុខនឹងការប្រើប្រាស់មិនត្រឹមត្រូវ ដូចជាការប្រើក្រដាសលើសកម្រិត និងចំណាយថ្លៃថែទាំខ្ពស់។ មន្ត្រីអាជ្ញាធរអះអាងថា ពាណិជ្ជកម្មអាចជួយបន្ថយបន្ទុកចំណាយ និងរារាំងមនុស្សមិនឲ្យប្រើក្រដាសច្រើនពេក។ ទោះជាយ៉ាងណា អ្នករិះគន់បានលើកឡើងពីការព្រួយបារម្ភអំពី ឯកជនភាព ភាពងាយស្រួល និងការជ្រៀតចូលរបស់ពាណិជ្ជកម្មក្នុងពេលវេលាផ្ទាល់ខ្លួន។ សម្រាប់មនុស្សជាច្រើន ការត្រូវបង្ខំឲ្យមើលពាណិជ្ជកម្ម ដើម្បីទទួលបានអ្វីមួយតាមតម្រូវការ គឺជារឿងមិនសមរម្យ និងហួសហេតុ។

ទោះបីជាយ៉ាងណាក៏ដោយ ការអនុវត្តន៍វិធីសាស្ត្រនេះបង្ហាញពីការផ្លាស់ប្តូរដ៏ធំមួយ។ ពាណិជ្ជកម្មកំពុងចូលមកក្នុងលំហប្រចាំថ្ងៃ ដែលកន្លងទៅត្រូវបានចាត់ទុកថា គ្មានពាណិជ្ជកម្ម។ នាពេលអនាគត កន្លែងសាធារណៈដ៏សាមញ្ញបំផុត ក៏ត្រូវបានភ្ជាប់ជាមួយសារពាណិជ្ជកម្មផងដែរ ហើយវិធីសាស្ត្រនេះប្រហែលជាកំពុងកើតមានឡើងរួចហើយ៕