Nvidia គ្រោងនាំចេញបន្ទះឈីប H200 ទៅកាន់ប្រទេសចិន នៅពាក់កណ្តាលខែកុម្ភៈខាងមុខ

23-12-2025 09:54

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់អាមេរិក Nvidia បានជូនដំណឹងទៅកាន់អតិថិជនចិនថា ខ្លួនមានគោលបំណងចាប់ផ្តើមដឹកជញ្ជូនបន្ទះឈីប AI ដ៏មានអានុភាពបំផុតទីពីររបស់ក្រុមហ៊ុនទៅកាន់ប្រទេសចិន មុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ពោលគឺនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ។ នេះបើយោងតាមប្រភពពីមនុស្សបីនាក់ ដែលដឹងពីបញ្ហានេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។

តាមប្រភពទី១ និងទី២ គឺក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិកមួយនេះ មានគម្រោងបំពេញការបញ្ជាទិញដំបូងពីស្តុកដែលមានស្រាប់ ដោយការដឹកជញ្ជូនត្រូវបានគេរំពឹងថា នឹងមានចំនួនសរុបពី ៥,០០០ ទៅ ១០,០០០ម៉ូឌុលបន្ទះឈីប ពោលគឺស្មើនឹងបន្ទះឈីប H200 AI ប្រហែល ៤០,០០០ ទៅ ៨០,០០០។ ងាកមកប្រភពទីបីបាននិយាយថា Nvidia ក៏បានប្រាប់អតិថិជនចិនថា ខ្លួនមានគម្រោងបន្ថែមសមត្ថភាពផលិតថ្មីសម្រាប់បន្ទះឈីប ដោយការបញ្ជាទិញសម្រាប់សមត្ថភាពនោះ នឹងបើកនៅត្រីមាសទីពីរនៃឆ្នាំ២០២៦។

ទោះជាយ៉ាងណា ការដឹកជញ្ជូននេះនៅតែពឹងផ្អែកលើការអនុម័តពីអាជ្ញាធរចិនជាមុនសិន ដែលនៅមិនទាន់សម្រេចចិត្តច្បាស់លាស់នៅឡើយ។ ប្រភពខ្លះបានបញ្ជាក់ថា ភាគីចិនកំពុងពិចារណាលើលក្ខខណ្ឌមួយចំនួន ដូចជា ការទាមទារឲ្យការទិញឈីប Nvidia ត្រូវភ្ជាប់ជាមួយការទិញឈីបផលិតក្នុងស្រុក ដើម្បីគាំទ្រឧស្សាហកម្មឈីបក្នុងប្រទេស។ ផែនការនេះកើតឡើងបន្ទាប់ពីមានការផ្លាស់ប្តូរគោលនយោបាយពីរដ្ឋាភិបាលអាមេរិក ដែលបានអនុញ្ញាតឲ្យ Nvidia នាំចេញឈីប H200 ទៅប្រទេសចិន ក្រោមលក្ខខណ្ឌជាក់លាក់ បន្ទាប់ពីការរឹតបន្តឹងខ្លាំងកាលពីមុន។

ជុំវិញព័ត៌មាននេះ សមាជិកសភាអាមេរិកមួយចំនួន បានអំពាវនាវឲ្យរដ្ឋាភិបាលបង្ហាញពីតម្លាភាពលើដំណើរការអនុញ្ញាតនាំចេញឈីបទាំងនេះ ដោយបារម្ភពីផលប៉ះពាល់ផ្នែកសន្តិសុខជាតិ។ ឈីប H200 ជាផ្នែកមួយនៃស៊េរី Hopper របស់ Nvidia ដែលត្រូវបានប្រើយ៉ាងទូលំទូលាយសម្រាប់ការបណ្តុះបណ្តាល និងដំណើរការម៉ូឌែល AI ខ្នាតធំ ហើយនៅតែមានតម្រូវការខ្ពស់នៅទីផ្សារចិន ទោះបី Nvidia កំពុងផ្តោតលើឈីបជំនាន់ថ្មីជាងនេះក៏ដោយ៕