សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បន្តបេសកកម្មអភិវឌ្ឍភាពជាអ្នកដឹកនាំ ប្រកបដោយមោទនភាព និងការចងចាំវីរភាពជាតិ

23-12-2025 10:19

(ភ្នំពេញ)៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) បានរៀបចំកម្មវិធី មហាសន្និបាតឆ្នាំថ្មី ២០២៦ (New Year Convention 2026) ដោយជោគជ័យ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥ នៅអគារ Morgan Tower ក្នុងបរិយាកាសពោរពេញដោយមោទនភាព សាមគ្គីភាព និងប្រកបដោយការគោរពដឹងគុណដល់វិរភាពវីរជនការពារជាតិរបស់យើង។

ក្នុងបរិបទស្ថានការណ៍ជាតិបច្ចុប្បន្ន ដែលកម្ពុជាកំពុងប្រឈមមុខនឹងភាពតានតឹងតាមព្រំដែន JCI Cambodia បានជ្រើសរើសរៀបចំព្រឹត្តិការណ៍នេះក្នុងបរិយាកាសសាមញ្ញ តែប្រកបដោយមោទនភាព ដើម្បីអបអរសាទរការតែងតាំង និងផ្លាស់ប្តូរមុខតំណែងនៃថ្នាក់ដឹកនាំសម្រាប់អាណត្តិឆ្នាំថ្មី២០២៦។

មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះក៏បាន បង្ហាញការគោរព និងសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះវីរភាពកងទ័ពជាតិ ព្រមទាំងអ្នកដែលបានបាត់បង់ជីវិតក្នុងការបំពេញភារកិច្ចការពារជាតិផងដែរ។

កម្មវិធីបានរួមបញ្ចូលពិធីតែងតាំង និងផ្លាស់ប្តូរមុខតំណែងប្រធានថ្នាក់ជាតិ និងថ្នាក់តំបន់របស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ការបង្ហាញការគោរពជូនដល់ថ្នាក់ដឹកនាំជំនាន់មុន ក៏ដូចជាពេលវេលាសម្រាប់ការចងក្រងសាមគ្គីភាព និងការប្តេជ្ញាចិត្តបន្តបេសកកម្មបម្រើសង្គមរបស់សមាជិក JCI Cambodia ទូទាំងប្រទេស។

JCI Cambodia ជឿជាក់ថា ការដឹកនាំយុវជនត្រូវតែដើរតួជាថាមពលវិជ្ជមានសម្រាប់សង្គម ក្នុងការរួមចំណែកលើកកម្ពស់សន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍប្រទេសជាតិ ទោះក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសនៅក្នុងពេលវេលាដែលប្រទេសជាតិត្រូវការកម្លាំងចិត្ត និងការរួមចំណែកពីគ្រប់ភាគី។

ក្នុងនាមជាស្ថាប័នអភិវឌ្ឍភាពភាពជាអ្នកដឹកនាំ JCI Cambodia សូមបង្ហាញការគោរពយ៉ាងខ្ពង់ខ្ពស់ និងការគាំទ្រយ៉ាងពេញទំហឹងចំពោះកងទ័ពជាតិ និងក្រុមគ្រួសារវីរជនដែលបានលះបង់ ដើម្បីការពារសន្តិភាព និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា៕