ABA ត្រូវបានទទួលស្គាល់ជា ធនាគារឆ្នើមបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២៥ ដោយទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker
23-12-2025 10:54
(ភ្នំពេញ)៖ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានទទួលពានធនាគារឆ្នើមបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២៥ ពី The Banker ដែលជាគ្រឹះស្ថានបោះពុម្ពផ្សាយហិរញ្ញវត្ថុអន្តរជាតិរបស់ Financial Times Group (UK)។ ពានរង្វាន់នេះ បានទទួលស្គាល់ ABA នូវសមត្ថភាពដ៏រឹងមាំ ឧត្តមភាពនវានុវត្តន៍ និងតួនាទីសំខាន់របស់ធនាគារ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
ទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker បានគូសបញ្ជាក់ អំពីការបន្តអភិវឌ្ឍកាន់តែទំនើបទៅមុខរបស់ ABA លើផលិតផលឯករបស់ខ្លួន នោះគឺកម្មវិធី ABA Mobile ដែលពង្រឹងបន្ថែមលើជំហរដ៏លេចធ្លោរបស់ធនាគារ ក្នុងនាមជាគ្រឹះស្ថានសេវាធនាគារឌីជីថលឈានមុខនៅក្នុងប្រទេស។ មុខងារថ្មីៗដែលបានបញ្ចេញនៅឆ្នាំនេះ រួមមាន មុខងារឆាតក្នុងអេប (ABA In-App Chat) មុខងារសោមុខ (FacePass Secure) មុខងារណាវី ដែលជាជំនួយការបញ្ញានិមិត្ត និងមុខងារវិភាគដ៏ទំនើបកំពុងផ្តល់នូវបទពិសោធសេវាធនាគារកាន់តែងាយស្រួល សុវត្ថិភាពនិងមានលក្ខណៈផ្ទាល់ខ្លួនសម្រាប់អតិថិជនរាប់លាននាក់។ នវានុវត្តន៍ទាំងនេះ មិនត្រឹមតែបង្កើនភាពងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបានជួយពង្រឹងទំនុកចិត្ត និងសុវត្ថិភាពនៅក្នុងប្រតិបត្តិការឌីជីថលផងដែរ។
សមត្ថភាពថ្មីបន្ថែមទាំងអស់នេះ ទទួលបានការគាំទ្រខ្លាំង ដែលបង្ហាញតាមរយៈការប្រើប្រាស់យ៉ាងច្រើនសំណាក់អតិថិជន ដោយក្នុងនោះ មានការឆ្លើយឆ្លងជាង 200,000សារ ក្នុងមុខងារឆាត ABA ខណៈអតិថិជនប្រមាណ 430,000 បានប្រើប្រាស់ មុខងារណាវីក្នុងរយៈពេលពីរខែដំបូងនៃការដាក់ដំណើរការ។
ចំណែកឯ ផ្លែតហ្វមធនាគារឌីជីថលសម្រាប់អាជីវកម្ម ក៏ទទួលកំណើនគួរឲ្យកត់សម្គាល់ផងដែរ ពោលគឺ មានការកើនឡើង 50% លើទំហំប្រតិបត្តិការ ចាប់ពីខែឧសភា ឆ្នាំ 2024 ដល់ខែឧសភា ឆ្នាំ 2025 ដោយឆ្លុះបញ្ចាំងពីកំណើននៃការពឹងផ្អែកលើអេកូស៊ីស្ទែមឌីជីថលរបស់ ABA។ ជាមួយអតិថិជនក្នុងដៃជាង 5 លានទូទាំងប្រទេស ABA Mobile បានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាផ្លែតហ្វមចម្បងសម្រាប់ការចាត់ចែង និងគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់អតិថិជនជារូបវន្ត បុគ្គល និងអាជីវកម្មទូទាំងប្រទេសកម្ពុជា។
ហិរញ្ញប្បទានបៃតង៖ ជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍បរិស្ថានសង្គម និងអភិបាលកិច្ច (ESG) ធនាគារ ABA បានក្លាយជាអ្នកវិនិយោគសញ្ញាបណ្ណបៃតងធំជាងគេនៃសញ្ញាបណ្ណគម្រោងបៃតងដំបូងបង្អស់របស់កម្ពុជា ដែលចេញដោយក្រុមហ៊ុនស្នេថេក ដាយណាមិក (SchneiTec Dynamic) ដើម្បីគាំទ្រហេដ្ឋារចនាសម្ពន្ធថាមពលដើរដោយពន្លឺព្រះអាទិត្យ (ថាមពលសូឡា)។ សញ្ញាបណ្ណនេះ នឹងផ្តល់ហិរញ្ញប្បទានដល់រោងចក្រផលិតបន្ទះសូឡា ដែលមានទំហំ 60MW ក្នុងខេត្តកំពង់ឆ្នាំង ដែលរំពឹងថា នឹងទទួលបានថាមពលស្អាតប្រមាណជាង 130GWh ប្រចាំឆ្នាំ។ ការវិនិយោគដ៏សំខាន់នេះ បានបង្ហាញពីការរួមចំណែករបស់ធនាគារក្នុងការពន្លឿនការអភិវឌ្ឍប្រកប ដោយចីរភាព និងអនាគតកាន់តែបៃតង។
ការគាំទ្រសហគមន៍៖ គំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់ ABA បន្តផ្តោតទៅលើការអប់រំ និងចំណេះដឹងផ្នែកឌីជីថល។ ធនាគារបានសហការជាមួយគម្រោងអាហារូបករណ៍ និងកម្មវិធីអប់រំផ្សេងៗ – រួមមាន សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (AMT) និងមូលនិធិកុមារកម្ពុជា(CCF) – ដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់យុវជន។ ABA ក៏បានឧបត្ថម្ភកំព្យូទ័រ ដល់សាលារៀន និងសហគមន៍នានា ដើម្បីជួយឲ្យសិស្សានុសិស្សមានជំនាញឌីជីថលសំខាន់ៗ នៅក្នុងសេដ្ឋកិច្ចអាស្រ័យបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនទៅមុខ។
ការទទួលពានកម្រិតកំពូល ប្រកបដោយកិត្យានុភាពពីទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker ជាលើកទីប្រាំពីរនេះ បានបញ្ជាក់ជាថ្មី និងកាន់តែច្បាស់បន្ថែមទៀត ពីភាពឈានមុខរបស់ធនាគារ ABA លើផ្នែកហិរញ្ញវត្ថុឌីជីថល និងសេវាធនាគារប្រកបដោយទំនួលខុសត្រូវ។
លោក Askhat Azhikhanov អគ្គនាយក & ជានាយកប្រតិបត្តិ នៃធនាគារ ABA មានប្រសាសន៍ថា ធនាគារ ABA មានកិត្តិយសយ៉ាងក្រៃលែងដែលត្រូវបានទទួលស្គាល់ឧត្តមភាពពីស្ថាប័នកំពូល The Banker។ ដូចសព្វដង យើងខ្ញុំមានមោទនភាព សូមចែករំលែកកិត្តិនាមនេះជូនដល់លោកអ្នកជា អតិថិជនទាំងអស់ - ទំនុកចិត្តរបស់លោកអ្នក គឺជាកម្លាំងចលករសម្រាប់កិច្ចការគ្រប់យ៉ាងដែលយើងខ្ញុំកំពុងបម្រើលោកអ្នក។
លោកក៏បានបន្ថែមថា ពានរង្វាន់នេះ ជំរុញទឹកចិត្តឲ្យយើងបន្តនវានុវត្តន៍ឌីជីថលឲ្យកាន់តែឈានមុខជាលំដាប់ ពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីចីរភាព និងគាំទ្រសហគមន៍នានា ខណៈយើងខ្ញុំបន្តរួមចំណែកពង្រឹងអនាគតសេវាធនាគាររបស់ប្រទេសយើង។ ក្នុងជំហានឆ្ពោះទៅមុខ ABA នឹងប្តេជ្ញាបន្តលើកកម្ពស់ស្តង់ដារសេវាធនាគារឲ្យតែប្រសើរជាលំដាប់ បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅទូទាំងប្រទេសកម្ពុជា។
សូមបញ្ជាក់ដែរថា The Banker គឺជាធនធានធនាគារ និងហិរញ្ញវត្ថុពិភពលោក របស់ក្រុមហ៊ុន Financial Times Group ។ ចាប់ផ្តើមបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩២៩ ទស្សនាវដ្តីបានក្លាយជាប្រភពព័ត៌មានអំពី វិស័យធនាគារដ៏មានទំនុកចិត្ត និងអានដោយនាយកប្រតិបត្តិ នាយកហិរញ្ញវត្ថុ ហេរញ្ញិករបស់សាជីវកម្ម ទេសភិបាល ធនាគារកណ្តាល និងនិយតករហិរញ្ញវត្ថុនៅជាង ១៨០ ប្រទេសទូទាំងពិភពលោក។ The Banker គឺជាប្រភពដ៏សំខាន់ក្នុងការផ្តល់ទិន្នន័យ និងការវិភាគសម្រាប់វិស័យធនាគារ។ ចំណាត់ថ្នាក់ធនាគារពិភពលោកកំពូលៗ ចំនួន 1,000 របស់ The Banker ត្រូវបានប្រើប្រាស់ជាស្ដង់ដា តាំងពីឆ្នាំ 1970 ដោយផ្ដល់ការព័ត៌មានទាក់ទងនឹងទ្រព្យសម្បត្តិ និងស្ថានភាពនៃវិស័យធនាគារគ្រប់ជ្រុងជ្រោយ៕



