ម្ចាស់សៀវភៅល្បី «Bad Blood» ប្តឹងមហាសេដ្ឋី Elon Musk និងក្រុមហ៊ុន AI យក្ស ពីបទលួចចម្លងស្នាដៃទៅបង្ហាត់ Chatbot

23-12-2025 11:09

(បរទេស)៖ លោក John Carreyrou អ្នកសារព័ត៌មានស៊ើបអង្កេតដ៏ល្បីរបស់កាសែត New York Times បានសម្រេចដាក់ពាក្យប្តឹងក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ រួមមាន Google, OpenAI, Meta និងក្រុមហ៊ុន xAI របស់លោក Elon Musk។ លោកបានចោទប្រកាន់ថា ក្រុមហ៊ុនទាំងនេះបានលួចយកសៀវភៅដែលមានកម្មសិទ្ធិបញ្ញា ទៅបង្ហាត់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដោយគ្មានការអនុញ្ញាត ដើម្បីធ្វើឱ្យ Chatbot របស់ពួកគេកាន់តែឆ្លាតវៃ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងបណ្តឹងនេះ លោក Carreyrou និងអ្នកនិពន្ធ ៥ រូបទៀត បានបដិសេធមិនប្តឹងជារួមជាមួយក្រុមអ្នកនិពន្ធដទៃទៀត (Class Action) ឡើយ។ ពួកគេយល់ថា ការប្តឹងជាក្រុមធំ គឺចូលជើងក្រុមហ៊ុនបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យក្រុមហ៊ុនទាំងនោះអាចចរចាសងសំណងក្នុងតម្លៃទាប។ ក្នុងពាក្យបណ្តឹងបានសង្កត់ធ្ងន់ថា៖ «ក្រុមហ៊ុន AI មិនគួរអាចបិទបញ្ចប់បណ្តឹងដែលមានតម្លៃខ្ពស់រាប់ពាន់ករណី ក្នុងតម្លៃថោកបំផុតដូចការលក់ឡៃឡុងបែបនេះឡើយ»

អ្នកយកព័ត៌មានរូបនេះបានហៅសកម្មភាពលួចចម្លងសៀវភៅមកធ្វើអាជីវកម្មថាជា «Original Sin» ឬ (បាបកម្ម) របស់ក្រុមហ៊ុន AI។ លោកបានលើកឡើងថា សំណងដែលក្រុមហ៊ុនទាំងនោះធ្លាប់សងអ្នកនិពន្ធកាលពីពេលមុនៗ គឺមានចំនួនតិចតួចបំផុត បើធៀបនឹងទំហំនៃការខូចខាត និងផលចំណេញដែលក្រុមហ៊ុនទទួលបានពីការប្រើប្រាស់ស្នាដៃអ្នកនិពន្ធ។

គួរជម្រាបថា នេះជាលើកដំបូងហើយដែលក្រុមហ៊ុន xAI របស់លោក Elon Musk ត្រូវបានដាក់ឈ្មោះក្នុងបញ្ជីចុងចោទនៃរឿងក្តីកម្មសិទ្ធិបញ្ញា AI។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនដែលរងការចោទប្រកាន់ទាំងអស់ នៅមិនទាន់ចេញមុខបកស្រាយ ឬផ្ដល់មតិយោបល់ជុំវិញបណ្ដឹងថ្មីនេះនៅឡើយទេ ខណៈដែលពិភពបច្ចេកវិទ្យាកំពុងតាមដានករណីនេះយ៉ាងដិតដល់៕